ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និង ផ្លូវជាតិលេខ២

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និង ផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

ស្ពានអាកាសភ្លោះដែលបើកការដ្ឋានសាងសង់នាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកអាចបណ្ដាលឱ្យមានការកកស្ទះនៅចំណុចឆ្លងកាត់ផ្លូវជាតិលេខ២ នៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។

 

ស្ពានអាកាសភ្លោះនេះ មានទទឹងតួស្ពានទំហំ ៩,៥ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្ដោយស្ពានមានប្រវែង ៦២២ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣គន្លង សម្រាប់ចរាចរឯកទិស ស្ពាន សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ។

 

សូមបញ្ជាក់ថា៖ ស្ពានអាកាសភ្លោះនេះ គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនានៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហើយក៏នឹងក្លាយជាស្ពានអាកាសទី៩ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឹងម៉ាត់ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន គឺ “ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត”៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ