ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥
- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ទទួលបន្ទុកកម្មវិធីទី១ បានបន្តដឹកនាំកិច្ចប្រជុំធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ (គម្រោងវិនិយោគផ្ទាល់ ជំពូក ២១) របស់នាយកដ្ឋានផ្លូវលំជនបទ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន ៣៦ នាក់ ស្រី ៤ នាក់ ។
លោកប្រធាននាយកដ្ឋានផ្លូវលំជនបទ បានធ្វើសេចក្តីរាយការណ៍លម្អិតទៅលើប្រភេទគម្រោងដែលនៅសល់ពីកិច្ចប្រជុំលើកទី១ រួមមាន គម្រោងបន្ត គម្រោងបម្រុងឆ្នាំ២០២៤ គម្រោងបីឆ្នាំរំកិល២០២៤-២០២៦ និងគម្រោងថ្មី។
ក្រោយពីបានពិនិត្យ និងពិភាក្សាលើបញ្ជីគម្រោងលម្អិត ដែលមានចំនួនសរុប ៣៤៥ គម្រោង រួចមក អង្គប្រជុំ បានសម្រេច ដូចខាងក្រោម៖
1 ឯកភាពឱ្យនាយកដ្ឋានផ្លូវលំជនបទ ធ្វើការសម្អាត បញ្ជីតារាងផែនការ ដោយ ដាក់តាមលំដាប់អាទិភាពលើអាទិភាពទៅតាមប្រភេទគម្រោងនីមួយៗ សម្រាប់ខេត្តនីមួយៗ និងស្នើសូមភ្ជាប់មកជាមួយនូវឯកសារយោង ឱ្យបានត្រឹមត្រូវ សម្រាប់ប្រជុំបញ្ចប់ ក្នុងកិច្ចប្រជុំលើកទី៣។
2 កិច្ចប្រជុំលើកទី៣ កំណត់យកថ្ងៃទី ២៨ ខែមិថុនា ឆ្នា២០២៤ វេលាម៉ោង ៨:៣០ ព្រឹក។