ក្រុមការងារសម្របសម្រួលគម្រោងចលនាភូមិថ្មី បានដឹកនាំសិក្ខាកាមចុះទស្សនកិច្ចសិក្សានៅភូមិចំប៉ា និងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ
- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តតាកែវ៖ នាថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារសម្របសម្រួលគម្រោងដឹកនាំដោយលោក ជិន ប៊ុនធួន ប្រធានការិយាល័យ និងជាអ្នកសម្របសម្រួលគម្រោង រួមមាន Mr. Lim Sunkyu តំណាងមកពីមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ បានដឹកនាំសិក្ខាកាមចុះទស្សនកិច្ចសិក្សានៅភូមិចំប៉ា និងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
គោលបំណងនៃការចុះទស្សនកិច្ចសិក្សានេះ ដើម្បីដកស្រង់នូវបទពិសោធន៍នៃការដឹកនាំ និងការអភិវឌ្ឍន៍ភូមិគំរូជោគជ័យ ដោយប្រើប្រាស់វិធីសាស្រ្តចលនាភូមិថ្មី ដែលធ្លាប់បានអនុវត្តកន្លងមកក្រោមការគាំទ្រ និងសម្របសម្រួលដោយក្រសួងអភិវឌ្ឍន៍ជនបទ។ តាមរយៈការចុះទស្សនកិច្ចសិក្សានេះសិក្ខាកាមបានសិក្សាស្វែងយល់ពីបទពិសោធន៍នៃការដឹកនាំភូមិជោគជ័យរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ការបង្កើនប្រាក់ចំណូលរបស់គ្រួសារតាមរយៈការដាំដំាណាំផ្សេងៗ សិប្បកម្ម និងធ្វើស្រែ។
សិក្ខាកាមក៍បានទស្សនានូវចំការបន្លែដូចជាត្រសក់ សណ្តែកគួរ ចេក និងដំណាំផ្សេងៗ ព្រមទាំងបានស្វែងយល់ពីវិធីសាស្រ្តនៃការធ្វើសាប៊ូលាងចាន និងផលិតជីទឹកធម្មជាតិដែលជាផ្នែកមួយនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សាភូមិគំរូនៃគម្រោងចលនាភូមិថ្មី សិក្ខាកាមទទួលបាននូវបទពិសោធន៍ថ្មីៗនៃការដឹកនាំភូមិរបស់ គ.អ.ភ កិច្ចសហការរវាង គ.អ.ភ និងសហគមន៍ ការចងក្រងក្រុមរបស់កសិករ និងការគ្រប់គ្រង ការចេះរៀបចំផែនការអភិវឌ្ឍភូមិ ការផ្លាស់ប្តូរផ្នត់គំនិតរបស់សហគមន៍គឺ “ជួយខ្លួនឯង ឧស្សាហ៍ព្យាយាម និងកិច្ចសហការ” ឈរលើគោលគំនិត យើងអាចធ្វើបាន។