ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកទឹកផុស អាណត្តិទី៤

ចែលរំលែក

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកទឹកផុស ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី ១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកទឹកផុស អាណត្តិទី៤ ដែលមានចំនួនសរុប ១៧នាក់ (ស្ត្រី ២នាក់)។ អញ្ជើញចូលរួមក្នុងពិធីនេះដែរ មានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត  តំណាងគណៈអភិបាលខេត្ត គណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក ការិយាល័យជំនាញជុំវិញស្រុក និងក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ស្រុក និងនគរបាលប៉ុស្តិ៍សរុបជាង ១៣០នាក់។

 

នៅក្នុងពិធីនោះ តាងនាមអោយឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ឈឹម សៅគី បានពាំនាំការសាកសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រី ជូនដល់អង្គពិធី និងបានគូរបញ្ជាក់ពីដំណើរការបោះឆ្នោតសកល និងអសកលនៅកម្ពុជា ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា និងមានការចូលរួមពីគណបក្សនយោបាយនានា ព្រមទាំងជានិច្ចកាលមានការទទួលស្គាល់ជាអន្តរជាតិ ដែលការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពី ការចាក់គ្រឹះយ៉ាងរឹងមាំ នៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ឈឹម សៅគី ក៏បានជម្រាបជូនអង្គពិធីពីយុទ្ធសាស្ត្រចបញ្ជកោណដំណាក់កាលទី ១ និងគោលយោបាយ អភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលសម្រាប់អណត្តទី ៧ នេះ និងបានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាស្រុក ដែលទើបជាប់ឆ្នោតថ្មីទាំង ១៧ រូប ឱ្យរៀបចំបំពេញលក្ខខណ្ឌ និងបែបបទការងារស្របតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីទទួលបានសុពលភាពពេញលេញក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តក្រុមប្រឹក្សា និងមន្ត្រីនៅថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុង ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋានឱ្យរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ