ឯកឧត្តម ឌៀប កាណូរ៉ា អញ្ជើញចូលរួមជាវាគ្មិនក្នុង កិច្ចប្រជុំបណ្តាញ ស្តីអំពីការប្រមូលសម្លេងនៃជនមានពិការភាព
- ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តសៀមរាប៖ នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាវាគ្មិន និងកិច្ចប្រជុំបណ្តាញ ស្តីអំពីការប្រមូលសម្លេងនៃជនមានពិការភាព ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិដែលទាក់ទងទៅនឹងបញ្ហាប្រឈមនិងតម្រូវការ ដើម្បីរៀបចំសេចក្តីថ្លែងការណ៍សម្រាប់កិច្ចសន្ទនាថ្នាក់ជាតិអំពីសកម្មភាពប្រែប្រួលអាកាសធាតុដោយគិតគូរពីបរិយាបន្នពិការភាព ក្រោមអធិបតីភាពឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងតំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទា ក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិនិងក្រោមជាតិរបស់អង្គការជនពិការកម្ពុជា និងអង្គការសង្គមសុីវិលមួយចំនួនទៀតសរុបប្រមាណជិត១០០នាក់។
កិច្ចប្រជុំនេះមានគោលបំណងរួមមាន៖
-ប្រមូលបញ្ហា និងតម្រូវការជនមានពិការភាព ដើម្បីឆ្លើយតបសកម្មភាពប្រែប្រួលអាកាសធាតុដោយគិតគូរ បរិយាបន្នពិការភាព និងការធ្វើបច្ចុប្បន្នភាពព័ត៌មាន បញ្ហា និងតម្រូវការរបស់ជនមានពិការភាពដើម្បីឆ្លើយតប និងដំណោះស្រាយនៃគ្រោះមហន្តរាយរួមមាន៖ គោលនយោបាយ គោលការណ៍ណែនាំ និងយន្តការនៃការ ផ្សព្វផ្សាយសកម្មភាពប្រែប្រួលអាកាសធាតុ ពីថ្នាក់ជាតិ និងក្រោមជាតិ (គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) និងសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន។
– អង្គការតំណាងជនមានពិការភាព បង្ហាញពីបញ្ហាប្រឈម និងការប្រមូលផ្តុំសំឡេងនៅក្នុងក្រុមជួយខ្លួនឯង នៅ តាមសហគមន៍ ស្តីអំពីការប្រែប្រួលអាកាសធាតុដោយគិតគូរពីបរិយាបន្នពិការភាព បញ្ហានានា នៅក្នុងសហគមន៍ ដើម្បីពិភាក្សានៅក្នុងថ្នាក់ជាតិ។
– ផ្តល់ធាតុចូលសំខាន់ៗដែលបានលើកឡើងដោយអង្គការតំណាងជនមានពិការភាពទៅកាន់អង្គការដៃគូ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការដៃគូពាក់ព័ន្ធនានា បន្ទាប់ពីការផ្តល់សេវាកម្មរបស់អាជ្ញាធរមូលដ្ឋាន។ បង្កើនយន្តការដែលមានស្រាប់ និងស្វែងរកយោបល់ល្អៗ ដែលបានលើកឡើងដោយ អង្គការតំណាងទៅកាន់ អង្គការដៃគូ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការដៃគូពាក់ព័ន្ធនានា៕