ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ២ ៨០០ម នៅស្រុកកោះអណ្តែត ខេត្តតាកែវ
- ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តតាកែវ ៖ នាថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ២ ៨០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម និងស្ថាបនាលូមូលមុខមួយចំនួន ៣កន្លែង ស្ថិតនៅភូមិតាបួរ ទៅភូមិព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការ បានឯកភាព និងទទួលយកលទ្ធផល ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ក្នុងរយៈពេលនាសុពលភាព ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕