ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការប្រមូលទិន្នន័យទឹកជនបទ នៅទីស្ដីការក្រសួង
- ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:៤០ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការប្រមូលទិន្នន័យទឹកជនបទ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទាំង ២៥ រាជធានី-ខេត្ត។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រឹងរបស់ថ្នាក់ដឹកនាំទាំងអស់ ទាំងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង និងនៅថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងអំពី យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្ម នូវកម្មវិធីអាទិភាពសំខាន់ៗ ទាំង៤ របស់ក្រសួង គឺ៖ ទី១) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយផ្ដោតសំខាន់លើការពង្រឹងគុណភាព ស្របតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាព ៧០% និងពង្រីកបន្ថែម ៣០% ទី២) កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការអប់រំផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើតការងារ មុខរបរ និងប្រាក់ចំណូល និងទី៤) ការពង្រឹងស្ថាប័ន ការគ្រប់គ្រង និងអភិបាលកិច្ច តាមរយៈការជ្រើសរើសមន្ដ្រី និងការបណ្ដុះបណ្ដាលមន្ដ្រីឱ្យមានសមត្ថភាព ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖
– ត្រូវមានការលើកទឹកចិត្តមន្ត្រី ការកោតសរសើរ មានកិច្ចសហការគ្នាល្អ និងការបែងចែក ការផ្ដល់ភារកិច្ចដល់មន្ត្រីប្រកបដោយតម្លាភាព និងសមត្ថភាព។
– ត្រូវមានការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់មន្ត្រី តាមរយៈការរៀបចំទីកន្លែងបំពេញការងារឱ្យបានត្រឹមត្រូវប្រកបដោយផាសុកភាព ការរៀបចំទុកដាក់ឯកសារឲ្យមានសណ្តាប់ធ្នាប់ និងការគោរពវិន័យរបស់អង្គភាព។
– មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត ត្រូវផ្ដល់ទិន្នន័យប្រភពទឹកជនបទ ដែលមាន ស្រះសហគមន៍ អណ្ដូងទឹក ជាដើម ជូនក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានត្រឹមថ្ងៃទី២៨ ខែមិថុនា៕