មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យានៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើតេស្ដរហ័សរកសារធាតុញៀន
- ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៣:៥៣ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបានរៀបចំធ្វេីតេស្ដរហ័សរកសារធាតុញៀន ដែលមានមន្ត្រី និងមន្រ្ដីជាប់កិច្ចសន្យាចូលរួមចំនួន ៦៥៦នាក់ ក្នុងនោះស្រី ២០៨នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្ដម ផៃ ចាន់ធី អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិនិត្យសកម្មភាពការធ្វើតេស្ដនេះផងដែរ។ កម្មវិធីនេះក៏មានការសម្របសម្រួលដោយ ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្រ្ដីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ។
សូមបញ្ជាក់ផងដែរថា ការធ្វើតេស្តរហ័សដើម្បីឈានទៅរកឱ្យឃើញសារធាតុញៀននៅក្នុងជួរមន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យា គឺយោងតាមបទបញ្ជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ៕