ឯកឧត្តម សុត សឿង អញ្ជើញចូលរួមជាអធិបតីដឹកនាំវេទិកាសាធារណៈ នៅភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
- ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៧:៥៣ ព្រឹក
- សកម្មភាពក្រសួង
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៤ ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីដឹកនាំវេទិកាសាធារណៈ ដើម្បីគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលប្រព្រឹត្តទៅនៅភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
វេទិកាសាធារណៈនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត, អាជ្ញាធរស្រុក, តំណាងមន្ទីរជំនាញជុំវិញខេត្ត, កងកម្លាំង, អាជ្ញាធរឃុំ និងប្រជាពលរដ្ឋភូមិហ្គាទីសរុបចំនួន ៨៦រូប។
នៅក្នុងវេទិកាសាធារណៈ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាមួយចំនួនដូចជា បញ្ហាដែលប្រជាពលរដ្ឋមួយចំនួនខ្វះដីសម្រាប់ធ្វើស្រែ និងធ្វើចំការ, បញ្ហាផ្លូវពិបាកធ្វើដំណើរ, បញ្ហាខ្វះអគ្គិសនីប្រើប្រាស់, និងបញ្ហាមណ្ឌលសុខភាព និងសាលារៀននៅឆ្ងាយ។
ជាការឆ្លើយតបមន្ទីរជំនាញពាក់ព័ន្ធដែលរួមមាន មន្ទីរបរិស្ថាន, មន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីរសុខាភិបាល, និងមន្ទីរអប់រំ យុវជន និងកីឡា បានចូលរួមដោះស្រាយ នឹងបានបញ្ជាក់ជូនអំពីបញ្ហានីមួយៗ នូវពេលវេលាដែលនឹងចាប់ផ្ដើមអនុវត្តនៅពេលខាងមុខ៕