ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

នៅ​រសៀល​ថ្ងៃ​ពុធ ៥កើត ខែមាឃ  ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទ បានរៀបចំពិធីបិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ២០២០ ក្រោម​អធិបតីភាព​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋ​មន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​នេះ​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង ស្ថាប័ន តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​អាជ្ញាធរ​ដែនដី​រាជធានី-ខេត្ត សរុប​ជាង ៨០០នាក់។

នៅក្នុង​ពិធី​បិទ​សន្និបាត​នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានធ្វើ​របាយ​ការណ៍​បូកសរុប​លទ្ធផល​សន្និបាត ដោយបាន​លើកឡើងថា អង្គសន្និបាតបាន​សម្តែង​នូវ​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មគ្គុទេសក៍​ភាព​ដឹកនាំ​រដ្ឋប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោនាយករដ្ឋមន្ត្រី ដែល​ធ្វើ​ឲ្យ​កម្ពុជា​យើង​ទទួលបាន​នូវ​សន្តិភាព ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ    សណ្តាប់ធ្នាប់​សង្គម និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​រក្សាបាន​ទាំងស្រុង​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី។ ស្ថិតក្នុង​បរិយាកាស​សុខដុម​នៃ​សង្គមជាតិ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អនុវត្ត​ភារកិច្ច​និងយុទ្ធសាស្ត្ររបស់ខ្លួនដោយ​ជោគជ័យ  និង​ទទួលបាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ពី​អង្គសន្និបាត​។​

នៅក្នុង​សុន្ទរកថា​បិទ​សន្និបាត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា  បាន​​ថ្លែង​នូវ​ការកោតសរសើរចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ស្ថាប័ន​ពាក់ព័ន្ធ​នានា អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និងដៃគូ​អភិវឌ្ឍន៍នានា ដែល​បានធ្វើ​សហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អប្រសើរ សម្រេចបាន​នូវ​ស្នាដៃធំៗជាច្រើន​ក្នុង​ឆ្នាំ២០១៩  និង​បាន​សម្តែង​គាំទ្រ​ដល់​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ២០២០។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីបាន​លើកឡើងថា ក្នុងពេល​កន្លងមកនេះ កម្ពុជា​បានសម្រេច​សមិទ្ធផលថ្មីៗជាច្រើនលើ​គ្រប់​វិស័យ​ក្នុង​ដំណើរ​អភិវឌ្ឍន៍​របស់ខ្លួន តាមរយៈ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដែលជា​ពិសេស ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ប្រជាធិបតេយ្យ ការអភិវឌ្ឍ និង​អធិបតេយ្យ​ជាតិ ដែលជា​កុសល​នៃ​គោលនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។  ជាមួយគ្នានេះ ឯកឧត្តម បាន​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​សម្រេចបាន​កំណើន​ខ្ពស់ ហើយ​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​សម្រាប់​ប្រជាជនម្នាក់ៗបាន​កើន​ជាបន្តបន្ទាប់ ហើយអត្រា​នៃ​ភាពក្រីក្រក៏​ត្រូវបាន​កាត់បន្ថយ​ជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីក៍បាន​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី៦ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា និង​ធានា​ដល់​ការលើកកម្ពស់​ជីវភាព​របស់​ប្រជាជន​ទូទៅ តាមរយៈ​ការអនុវត្ត​គោលនយោបាយ និង​វិធានការ​ជាក់ស្តែង​នានា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​បង្កើន​ចំណូល​របស់​ប្រជាជន លើកស្ទួយ​ខាង​សង្គមកិច្ច ពង្រឹង​យុត្តិធម៌ សមធម៌​សង្គម ព្រមទាំង​ផ្តល់នូវ​សេវាសាធារណៈ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ។ ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ កំណែទម្រង់រដ្ឋបាល និង​ការលើកកម្ពស់​សមត្ថភាព ការអភិវឌ្ឍ​សហគមន៍ និង​សេដ្ឋកិច្ច​ជនបទ គឺ​សុទ្ធតែ​បានរួម​ចំណែក​យ៉ាង​ធំធេង ក្នុង​ការជួយ​រាជរដ្ឋាភិបាលឲ្យ​សម្រេចបាន​នូវ​កម្មវិធី​នយោបាយ  និង​យុទ្ធសាស្ត្រ​ចតុកោណ ជាក់ស្តែង​គឺ​បាន​ជួយ​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ក្រសួងអភិវឌ្ឍន៍ជនបទឲ្យបន្តសហការណ៍ជាមួយក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ចំនួន​ ១១ ចំណុចគឺ៖

  1. បន្តគាំទ្ររាជរដ្ឋាភិបាលធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា
  2. បន្តគាំទ្រ និងចូលរួមអនុវត្តឲ្យកាន់តែសកម្មលើកម្មវិធីកំណែទម្រង់ស៊ីជម្រៅ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល
  3. បន្តជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងអភិវឌ្ឍស្ថាប័នឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារទទួលបានភាពរីកចំរើនជាបន្តទៀត
  4. បន្តខិតខំ សិក្សាស្រាវជ្រាវបច្ចេកវិជ្ជាថ្មីៗ ដើម្បីកែច្នៃសម្ភារប្រើប្រាស់មួយចំនួន ជំនួសឲ្យការថយចុះយ៉ាងគំហុកនូវវត្ថុធាតុដើម រួមមាន៖ ក្រួសក្រហម ខ្សាច់ភ្នំ ។ល។ សម្រាប់បម្រើដល់ការស្ថាបនា ស្តារឡើងវិញ ថែទាំ និងជួសជុលផ្លូវជនបទ
  5. បន្តលើកកម្ពស់គុណភាព គុណតម្លៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋជនបទ និងខិតខំសម្រេចឲ្យបានទស្សនវិស័យនៃគោលនយោបាយជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
    ឆ្នាំ២០២៥ ប្រជាជនជនបទគ្រប់រូប ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព
  6. បន្តយកចិត្តទុកដាក់កែប្រែឥរិយាបទនៃការរស់នៅឲ្យយល់ដឹងអំពីបញ្ហាសុខភាព ការរស់នៅស្អាត និងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ ២០២៥ បានទូទាំងប្រទេស
  7. បន្តជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈសកម្មភាពចលនាភូមិមួយផលិតផលមួយ​ និង សហគ្រិនភាព ដើម្បីគាំទ្រដល់ការបង្កើនប្រាក់ចំណូលគ្រួសារ និងទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន
  8. បន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយខិតខំធ្វើសមាហរណកម្ម មន្ត្រីរាជការ ធនធាន និងទ្រព្យសម្បត្តិទៅថ្នាក់ក្រោមជាតិ ដើម្បីរក្សាឲ្យបាននូវស្ថិរភាពនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាប័ន្ន តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
  9. បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការដៃគូ វិស័យឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀរគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗសម្រាប់ទ្រទ្រង់វិស័យអភិវឌ្ឍន៍ជនឲ្យមានភាពរីកចម្រើន
  10. បន្តសហការណ៍ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំស្នើ សុំរាជរដ្ឋាភិបាលធ្វើវិសោធន៍កម្ម អនុក្រឹត្យលេខ ១៤១ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងអនុក្រឹត្យលេខ​ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិនិងផ្លូវរថភ្លើង ដើម្បីដាក់បញ្ចូលបន្ថែមសមត្ថកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
  11. សហការណ៍ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំបែបបទ និងវិធីសាស្ត្រនៃការបង្កើតផែនការមេផ្លូវថ្នល់ ការរៀបចំគម្រោងប្លង់ និង ការកំណត់អាទិភាពគម្រោង។

 

ជាទី​បញ្ចប់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី  បាន​ប្រសិទ្ធពរ ជូន​ឯកឧត្តម លោកជំទាវ តំណាង​ស្ថានទូត ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ អស់លោក លោកស្រី នាង​កញ្ញា​ទាំងអស់ និង​បានប្រកាស​បិទ​សន្និបាត​ជា​ផ្លូវការ ព្រមទាំង​បាន​បំពាក់​មេដាយ​ការងារ​ជូន​មន្ត្រីរាជការ​ក្រសួង​ផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ