ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែលរំលែក
photo 2020 01 24 11 48 06

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការគាំទ្រចំពោះការថែរក្សាសុខសន្តិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយចង់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទចាត់ទុកសហរដ្ឋអាមេរិកជាដៃគូរដែលអាចជឿជាក់ក្នុងការអភិវឌ្ឍន៍។

photo 2020 01 24 11 48 09

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្ដម Patrick Murphy ដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូន ឯកអគ្គរដ្ឋទូតអំពីតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ លើកកំរិតកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិដើមភាគតិចដែលកំពុងរស់នៅតំបន់ជនបទឲ្យកាន់តែល្អប្រសើរឡើង ដោយផ្ដោតទៅលើការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ រួមមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព និងផ្ដល់សេវាសាធារណៈផ្សេងៗទៀត ដែលជាការបំពេញបន្ថែមទៅលើមុខងាររបស់ក្រសួង ស្ថាប័នផ្សេងៗរបស់រាជរដ្ឋាភិបាល។

photo 2020 01 24 11 48 06

ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានលើកយកមុខងារ និងភាពខុសគ្នារវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុនោះក្រសួងសាធារណៈការធ្វើការគ្រប់គ្រងផ្លូវជាតិ និងផ្លូវខេត្ត ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើការគ្រប់គ្រងបណ្ដាញផ្លូវនៅជនបទប្រមាណជាង ៤ ម៉ឺនគីឡូម៉ែត្រ ដូចគ្នានិងការអនុវត្តន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទផងដែរ។

ក្រៅពីនោះក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការងារសង្គមកិច្ចផងដែរ ដូចជា ការបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅជនបទតាមរយៈការបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈបន្ថែមក្រៅពីការបង្កបង្កើនផលស្រូវ ដែលការងារនេះបានអនុវត្តនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទនៅតាមបណ្ដាខេត្ត។ ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានជម្រាបជូនឯកអគ្គរដ្ឋទូតអំពីផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ ២០១៩-២០២៣ ដោយផ្ដោតទៅលើ ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្ដីរាជការ , កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ , ជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ និងអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដោយធ្វើការកែលម្អផ្លូវនៅជនបទជាបណ្ដើរៗ ពីផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ចំពោះតំបន់ដែលងាយរងគ្រោះ។photo 2020 01 24 11 47 57

ក្រសួងអភិវឌ្ឍន៍ជនបទបាននឹងកំពុងបន្តសហប្រតិបត្តិការជាមួយដៃគូរផ្សេងៗទៀតរួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ADB ធនាគារពិភពលោក WB មូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៥៣ អង្គការទៀត។ ឯកឧត្ដមបានបន្តទៀតថា ក្រសួងបានទទួលការគាំទ្រពីភាគីចំនួន ៣ គឺ មូលនិធិគ្រួសារស្តូន , អង្គារ IDE និង USID កំពុងអនុវត្តគម្រោងលើកកម្ពស់អនាម័យជនបទនៅក្នុងភូមិគោលដៅ១ ៦០០ ភូមិ ក្នុងខេត្តព្រៃវែង,សៀមរាប,កំពង់ធំ,កណ្ដាល និងខេត្តឧត្ដរមានជ័យ ក្នុងនោះ USID នឹងផ្ដល់ថវិកា ១០ លាន ដុល្លារអាមេរិក ក្នុងករណីគម្រោងដែលអនុវត្តដោយ មូលនិធិគ្រួសារស្តូន , អង្គារ IDE ទទួលបានជោគជ័យ។

ឯកឧត្ដម Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រោះថាប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០% កំពុងរស់នៅទីជនបទ ។ ជាមួយនេះក្រសួងក៏មានបញ្ហាប្រឈមខ្លះ ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ការចំណាកស្រុក ការផ្គត់ផ្គង់ទឹក បញ្ហាពុករលួយ ការបោះឆ្នោតជាដើម ។ ឯកឧត្ដមឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា បានបន្តថា សហរដ្ឋអាមេរិកគាំទ្រចំពោះការថែរក្សាសុខសន្តិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយចង់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទចាត់ទុកសហរដ្ឋអាមេរិកជាដៃគូរដែលអាចជឿជាក់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាមេរិក និងបានជូនពរ ឯកឧត្ដម Patrick Murphy ទទួលបានជោគជ័យក្នុងបេសកកម្មការទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕
(អត្ថបទ ជា វិសែស )photo 2020 01 24 11 47 53 photo 2020 01 24 11 47 48 photo 2020 01 24 11 47 44 photo 2020 01 24 11 47 36 photo 2020 01 24 11 47 27

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ