ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត ដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ០២ខ្សែ នៅខេត្តព្រៃវែង
- ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រៃវែង៖ នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០២ខ្សែ៖
– ខ្សែទី១៖ ការងារស្ថាបនាផ្លូវ DBST ចំនួន០១ខ្សែ ប្រវែង ៥ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយខ្សាច់់ភ្នំទទឹងម្ខាង ០,៥ម៉ែត្រ និងសាងសង់លូមូលមុខមួយ ចំនួន ០១កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។
– ខ្សែទី២៖ ការងារស្ថាបនាផ្លូវ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយខ្សាច់ភ្នំ ទទឹងម្ខាងៗ ០,៥ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន ០១កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។
ផ្លូវទាំងពីរខ្សែខាងលើ អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
បន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែង និងយោងតាមស្មារតីអង្គប្រជុំគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវលទ្ធផលការងារស្ថាបនាផ្លូវ DBST ចំនួន ២គម្រោងខាងលើ និងបញ្ចប់សុពលភាពជាស្ថាពរ៕