ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តីពី ការថែទាំម៉ាស៊ីនកសិកម្មខ្នាតតូច នៅខេត្តស្វាយរៀង

ចែលរំលែក

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តីពី ការថែទាំម៉ាស៊ីនកសិកម្មខ្នាតតូច។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើង នៅភូមិលាក់រាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វ៉ាន់ ស៊ីវឿន អនុរដ្ឋលេខាធិការ ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ, លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ, លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ និងថ្នាក់ដឹកនាំ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងសិក្ខាកាមទាំងអស់សរុបចំនួន ៤៨នាក់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជួយដល់ប្រជាពលរដ្ឋឱ្យមានចំណេះជំនាញច្បាស់លាស់សម្រាប់បង្កើតមុខរបរដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាជួយអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើន ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបត្រូវខិតខំរៀនសូត្រ យកចំណេះជំនាញនេះទៅអនុវត្តផ្ទាល់ដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗ និងត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសាររៀងៗខ្លួន។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដោយត្រូវមកសិក្សាទាំងទ្រឹស្ដី និងការអនុវត្ត ឱ្យបានទៀងទាត់ ទាន់ពេលវេលា និងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំរបស់លោកគ្រូឧទ្ទេសដើម្បីទទួលបានជំនាញច្បាស់លាស់មួយសម្រាប់ចិញ្ចឹមជីវិតទៅកាន់ទៅថ្ងៃអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានរំលឹកដល់ថ្នាក់ដឹកនាំនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ត្រូវធ្វើការតាមដាម និងត្រួតពិនិត្យពីស្ថានភាពជីវភាពរស់នៅរបស់សិក្ខាកាមដែលបានទទួលវិជ្ជាជីវៈនេះទៅបង្កើតមុខរបរថ្មីផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ