![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
- ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា 2 photo 2024 05 26 15 05 38](https://www.mrd.gov.kh/wp-content/uploads/2024/05/photo_2024-05-26_15-05-38-1000x662.jpg)
ខេត្តកំពង់ស្ពឹ ៖ នាថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ និងលោកជំទាវ ឡាយ វីរបុត្រ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។ ម្យ៉ាងទៀត ព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង ៧មុខខាងលើ។ ក្នុងចំណោមអាហារទាំង ៧មុខនេះ មានអាហារចំនួន ៣មុខដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ៕