លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារផ្គត់ផ្គង់ទឹកជនបទ ចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនិងជួសជុលអណ្តូងទឹកបានចំនួន២អណ្តូង ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី
- ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារផ្គត់ផ្គង់ទឹកជនបទ ចុះពិនិត្យប្រព័ន្ធចែកចាយទឹកតាមបំពង់ខ្នាតតូចសហគមន៍ របស់អង្គការទស្សនៈពិភពលោក នៅភូមិត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដែលត្រូវបានផ្អាកដំណើរការ ដោយសារស្រះដែលជាប្រភពផ្ដល់ទឹករីងស្ងួត។
ជាលទ្ធផល មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យនឹងសហការបន្តជាមួយ អង្គការទស្សនៈពិភពលោក ដើម្បីស្តារស្រះនេះឡើងវិញ នៅក្នុងពេលឆាប់ៗខាងមុខ។ ដោយបច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ បាននិងកំពុងប្រើប្រាស់ទឹកស្រះសហគមន៍ ១កន្លែងផ្សេងទៀត ដែលអាចផ្ដល់ទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋបានក្នុងរយៈពេល ២សប្តាហ៍ទៀត។
ដោយឡែក ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះជួសជុលអណ្តូងស្នប់របស់ប្រជាពលរដ្ឋ ចំនួន ២អណ្តូង នៅភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី ហើយជាសំណូមពរ អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ បានសំណូមពរឱ្យបំពាក់ម៉ូទ័របូមទឹកបន្ថែម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទឹកទៅប្រើប្រាស់បានលឿន៕ (បញ្ជាក់ ៖ ម៉ូទ័រនិងថ្លៃភ្លើងប្រើប្រាស់លោកមេឃុំជាអ្នកទទួលបន្ទុក)