ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងការរៀបចំវិសោធនកម្មអនុក្រឹត្យស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤, អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក អគ្គនាយករង  ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ។

 

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការងារវិភាគមុខងារ និងធនធានក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធានានូវប្រសិទ្ធភាព សក្ដិសិទ្ធិភាព  និងគណនេយ្យភាព នៃការដឹកនាំ និងគ្រប់គ្រងវិស័យអភិវឌ្ឍន៍ជនបទ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាព និងទិសដៅបន្ត នៃការកែសម្រួលអនុក្រឹត្យនេះ ។

 

បន្ទាប់មក ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដល់វេទិកាឱ្យមានការពិភាក្សាលើការវិភាគមុខងារថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងធ្វើការកែតម្រូវសេចក្ដីព្រាងអនុក្រឹត្យថ្មីដែលបានរៀបចំ។

 

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានលេីកឡេីងបន្ថែមទៀត ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ គ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង ដោយពិនិត្យមើលរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងយន្តការក្នុងក្របខ័ណ្ឌអន្តរក្រសួង អន្តរស្ថាប័ន ឱ្យបានរួចរាល់នៅឆ្នាំ២០២៤នេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ