លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ចុះពិនិត្យ ស្ថានភាពការប្រើប្រាស់ទឹក តាមបណ្តាញចែកចាយទឹក ស្រះ អណ្តូង អូរ ប្រឡាយ នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំង
- ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៣:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប អមដំណើរដោយលោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងមន្រ្តីបច្ចេកទេសទឹកមន្ទីរ បានចុះពិនិត្យ ស្ថានភាពការប្រើប្រាស់ទឹក តាមបណ្តាញចែកចាយទឹក ស្រះ អណ្តូង អូរ ប្រឡាយ នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំង ស្ថិតនៅក្នុងទីតាំង ឃុំបាយដុត និងឃុំស្វាយស ស្រុកវ៉ារិន, ឃុំយាង និងឃុំរើល ស្រុកពួក និងឃុំស្រែខ្វាវ ស្រុកអង្គជុំ ខេត្តសៀមរាប ។
បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងឃុំ ស្រុកគោលដៅទាំងបីខាងលើ ការប្រើប្រាស់ទឹករបស់ពួកគាត់នៅអាចប្រើប្រាស់បានជាប្រចាំ ពុំទាន់មានចោទជាបញ្ហាអ្វីនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ លោកប្រធានមន្ទីរ ក៏បានមានមតិសំណេះសំណាលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹកឲ្យបានល្អ និងប្រើប្រាស់ទឹកដោយការសន្សំសំចៃ ដើម្បីរក្សាបាននូវសុខភាព និងអនាម័យល្អ និងមានទឹកប្រើប្រាស់គ្រប់គ្រាន់។ មួយវិញទៀតករណី នៅភូមិស្រុកណាដែលមានបញ្ហាប្រឈមខ្លាំងទឹករីងស្ងួត ឬអណ្តូងខូច ខ្វះខាតទឹកហូបចុក ឬប្រើប្រាស់ សូមជួយរាយការណ៍ជាបន្ទាន់មកមន្ទីរ ដើម្បីមន្ទីរចាត់វិធានការដោះស្រាយបន្ទាន់ឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។