ឯកឧត្តម ជី ស៊ីថា ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ សិក្សាគ្រោងប្លង់ និងលើកបញ្ជីប៉ាន់តម្លៃ គម្រោងជួសជុល ស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងឆ្នាំ២០២៣ ចំនួន ០២គម្រោង
- ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- Uncategorized
ខេត្តតាកែវ៖ នៅថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារនៃ គ.ត.វ, មន្ត្រីបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ, មានការចូលរួមពី លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ, លោក វរសេនីយ៍ ស្រេង វុទ្ធី តំណាងកងវិស្វកម្ម កងអាវុធហត្ថ ចំណុះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ, លោកវរសេនីយ៍ឯក ម៉ៃ សិរីសក្តិ តំណាងនាយកដ្ឋានស្ថាបនា និងវិស្វកម្ម ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យ សិក្សាគ្រោងប្លង់ និងលើកបញ្ជីប៉ាន់តម្លៃ គម្រោងជួសជុល ស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងឆ្នាំ២០២៣ ចំនួន ០២គម្រោងដូចខាងក្រោម៖
គម្រោងទី១៖ ការងារជួសជុលផ្លូវ កៅស៊ូ DBST ប្រវែង ២ ០០០ម៉ែត្រ ប្រឡាយបេតុងបណ្តោយផ្លូវ ប្រវែង ២ ០០០ម៉ែត្រ និងស្ថាបនាលូមូលមុខ១ ចំនួន ០៤កន្លែង ស្ថិតនៅ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ អនុវត្តដោយ នាយកដ្ឋានស្ថាបនា និង វិស្វកម្ម ក្រសួងមហាផ្ទៃ ។
គម្រោងទី២៖ មានផ្លូវចំនួន ០២ខ្សែ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ៖
ខ្សែទី១ ការងារស្តារឡើងវិញផ្លូវក្រាលល្បាយក្រួស ប្រវែង ៤៥០០ម៉ែត្រ ទទឹង ០៨ម៉ែត្រ និងស្ថាបនាលូប្រអប់ ចំនួន ១កន្លែង ស្ថិតនៅឃុំក្រពុំឈូក ស្រុកកោះអណ្តើក ខេត្តតាកែវ ។
ខ្សែទី២ ការងារជួសជុលផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៥០០ម៉ែត្រ ទទឹង ០៨ម៉ែត្រ និងស្ថាបនាលូប្រអប់មុខពីរ ចំនួន ១កន្លែង ស្ថិតនៅចំណុចបំបែកផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៤៥,៣០០ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ៕