![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 8 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ក្រុមការងារបច្ចេកទេសទឹកស្អាតអនាម័យ អញ្ជើញចុះទស្សនកិច្ចទីកន្លែងផលិតថាមពលអគ្គិសនីដោយប្រើប្រព័ន្ធសូឡា និងសហគមន៍គំរូ នៅប្រទេសចិន
- ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
![ក្រុមការងារបច្ចេកទេសទឹកស្អាតអនាម័យ អញ្ជើញចុះទស្សនកិច្ចទីកន្លែងផលិតថាមពលអគ្គិសនីដោយប្រើប្រព័ន្ធសូឡា និងសហគមន៍គំរូ នៅប្រទេសចិន 2 photo 2024 03 30 12 59 36](https://www.mrd.gov.kh/wp-content/uploads/2024/03/photo_2024-03-30_12-59-36-1000x750.jpg)
ប្រទេសចិន៖ នៅថ្ងៃសុក្រ ៥រោច និងថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាតអនាម័យ ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន កញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស, ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និង លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានអញ្ជើញចុះទស្សនកិច្ចកន្លែងផលិតថាមពលអគ្គិសនីដោយប្រើប្រព័ន្ធសូឡា និងសហគមន៍គំរូ នៅខេត្តក្នុងប្រទេសចិនដូចខាងក្រោម៖
– ទីកន្លែងផលិតថាមពលអគ្គិសនីដោយប្រើប្រព័ន្ធសូឡា នៅសាលាបឋមសិក្សា Nengyu មានសិស្សានុសិស្សចំនួន ៦៥០ នាក់ ដែលអាចផលិតអគ្គិសនីបាន ៤៧KW /ម៉ោង ។ ថាមពលអគ្គិសនីដែលសល់ពីការផ្គត់ផ្គង់សម្រាប់សិស្សានុសិស្ស សាលាបានលក់បន្តទៅជូនរដ្ឋ។
– ទីកន្លែងផលិតថាមពលអគ្គិសនីដោយប្រើប្រព័ន្ធសូឡា នៅមន្ទីរពេទ្យចិនសែ TCM ស្ថិតនៅសង្កាត់ Yuanma ក្រុង Kunming ខេត្ត Yunnan អាចផលិតអគ្គិសនីបាន ៦១០ KW /ម៉ោង។ ថាមពលអគ្គិសនីដែលមន្ទីរពេទ្យផលិតបាននេះ មន្ទីរពេទ្យមិនបានយកមកប្រើប្រាស់ទេ គឺលក់បន្តទៅជូនរដ្ឋ។
– ទស្សនកិច្ចសហគមន៍គំរូ Zixi ស្ថិតនៅភូមិ Zixiyi ក្រុង Zixi ខេត្ត Chuxiong ដើម្បីពិនិត្យទីកន្លែងផ្គត់ផ្គង់ទឹកស្អាត និងការប្រព្រឹត្តកម្មទឹកកខ្វក់ដល់សហគមន៍ ដោយ យកទឹកពីប្រភពទឹកទំនប់មកធ្វើប្រព្រឹត្តកម្មចែកចាយដល់សហគមន៍ដែលមានប្រជាពលរដ្ឋចំនួន ៣៩៩ នាក់ (៨៦ គ្រួសារ) សម្រាប់ផឹក និងប្រើប្រាស់ប្រចាំថ្ងៃ និង ការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់ធ្វើកសិកម្មរបស់សហគមន៍នៅសហគមន៍គំរូ Zixi ៕