ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានជួបប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។
- ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ៖ នៅថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ បានជួបប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។ សមាសភាពដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ រួមមាន៖ ប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីរាជការ សរុបចំនួន ១៦រូប ស្រីចំនួន ០៦រូប។
កិច្ចប្រជុំមានរបៀបវារៈចំនួន៣ គឺ
១- ពិនិត្យលើរបាយការណ៍របស់ការិយាល័យទាំង១០ របស់មន្ទីរ និងអង្គភាពអនុវត្តន៍គម្រោងទឹកស្អាត ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី
២- បញ្ហាផ្សេងៗ
៣- ទិសដៅការងារខែមេសា
បន្ទាប់ពីការធ្វើសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរួចមក ឯកឧត្តម បានចូលរួមមតិចំពោះអង្គប្រជុំនូវចំណុចមួយចំនួនដូចខាងក្រោម៖
១. ការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរអភិវឌ្ឍន៍ជនបទ
២. បានសង្កត់ធ្ងន់ចំពោះការអនុវត្តកម្មវិធីទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
៣. បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ យកចិត្តដាក់ក្នុងការផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
៤. ការអនុវត្តការងារបានច្រើនក្នុងខែកន្លងមក
៥. សូមបន្តអនុវត្តការងារក្នុងខែបន្ទាប់ឱ្យទទួលបានជោគជ័យ
៦. សូមយកចិត្តទុកដាក់លើការងារភូមិគំរូ
៧. បន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រគ្រប់លំដាប់ថ្នាក់
៨. ចុះពិនិត្យការអនុវត្តគម្រោងដៃគូ ឱ្យបានជាប់ជាប្រចាំ និងជួយណែនាំអ្នកម៉ៅការលើការងាររៀបចំសុវត្ថិភាពចរាចរណ៍ និងការត្រួតពិនិត្យគុណភាពសំណង់
៩. ចុះពិនិត្យ និងណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកៅស៊ូ កុំឱ្យលប់លូបង្ហូរទឹក និងលើកដីភូមិខ្ពស់ជាងផ្លូវ ដោយពុំមានការដាក់លូដើម្បីរំដោះទឹក
១០. សូមយកផែនការមេផ្លូវជនបទ មកប្រើប្រាស់ការជ្រើសរើសខ្សែផ្លូវសម្រាប់គម្រោង
១១. ជម្រាបជូនអំពីបទបញ្ជាលេខ០០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
១២. បង្កើនការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ
១៣. ពិភាក្សាអំពីការរៀបចំកិច្ចប្រជុំសម្រាប់ធ្វើការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។