ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, អគ្គនាយករង និងមន្ដ្រីជំនាញជាច្រើនរូប។

 

យោងតាមរបាយការណ៍សង្ខេបដោយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និង ឯកឧត្តម គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានបង្ហាញថា ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងប្រមាណ ៥០ ២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៣ កន្លងនេះ សមិទ្ធផលដែលកម្មវិធីអាទិភាពទី១ សម្រេចបានប្រមាណ ៩៧% ក្នុងនោះក៏មានការលើកឡើងអំពីបញ្ហា ការប្រឈម និងការដាក់ទិសដៅការងារបន្ដផងដែរ។

 

ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានផ្តល់អនុសាសន៍ដូចខាងក្រោម៖

–  ត្រូវយកចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ដើម្បីធានានិរន្ដរភាពនៃការប្រើប្រាស់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង ៧០% និងពង្រីក ៣០%។

–  ត្រូវអនុវត្តតាមគោលនយោបាយផ្លូវជនបទ និងផែនការមេផ្លូវជនបទ ដែលបានដាក់ចេញឱ្យប្រើប្រាស់នៅឆ្នាំ២០២២។

–  ត្រូវសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រ ដើម្បីធានាគុណភាពផ្លូវ ធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដែលមានការប្រឈម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុខ្ពស់។

–  ត្រូវបន្ដផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃខ្សែផ្លូវ និងឱ្យមានការចូលរួម ថែរក្សាពីសហគមន៍។

–  ត្រូវពិនិត្យ និងរៀបចំការដាក់ស្លាកសញ្ញានៃការកំណត់កម្រិតទម្ងន់ នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណងធានាដល់ការប្រើប្រាស់បានយូរអង្វែង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ