ឯកឧត្តម សួន សេរីរដ្ឋា អញ្ជើញដឹកនាំក្រុមការងារក្រសួង ចូលរួមក្នុងកិច្ចប្រជុំពង្រឹងការអនុវត្តផែនការសកម្មភាពនិងថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និង ខេត្តកោះកុង
- ថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
នៅថ្ងៃចន្ទ-ពុធ ៩-១១ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារក្រសួងរួមមាន ឯកឧត្តម សុត សឿន អនុរដ្ឋលេខាធិការ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុ លោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច ប្រជុំពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និង ខេត្តកោះកុង ហើយនៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ខេត្តរួមមាន ប្រធានមន្ទីរ ប្រធានការិយាល័យជនជាតិដើមភាគតិច ប្រធានការិយាល័យផែនការ ប្រធានការិយាល័យគណនេយ្យ ប្រធាន-អនុប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តទាំង ៣ (កំពង់ស្ពឺ ព្រះសីហនុ និងកោះកុង) ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីស្វែងយល់ពីការងារ កិច្ចសហប្រតិបត្តិការរវាងមន្ទីរទាំង ២ កន្លងមកដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយលើការងារការអនុវត្តន៍ផែនការសកម្មភាព ការស្នើថវិកាចំណាយ ចំពោះសកម្មភាពការងារជនជាតិដើមភាគតិចនៅក្នុងខេត្ត។ ក្នុងកិច្ចប្រជុំសំណេះសំណាលនេះក្រៅពីបានស្តាប់របាយការណ៍ និងកិច្ចពិភាក្សា របស់ប្រធានមន្ទីរទាំង២ និងមន្ត្រីការិយាល័យ ឯកឧត្តម ក៏បាននាំយកការផ្តែផ្តាំ និងអនុសាសន៍ចង្អុលបង្ហាញរបស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម បានថ្លែងនូវការកោតសរសើរចំពោះមន្ទីរដែលបានធ្វើកិច្ចការបានល្អ សហការល្អជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ហើយឲ្យត្រៀមយកបទពិសោធន៍ល្អៗនោះមកចែករំលែកក្នុងសិក្ខាសាលា ពេលធ្វើការសិក្ខាសាលាបូកសរុប ក្រោយបញ្ចប់កិច្ចប្រជុំទាំង ១៥ ខេត្តជាមួយមន្ទីរទាំងអស់ ។ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមដូចខាងក្រោម ៖
១- ស្គាល់ឲ្យច្បាស់ពី កម្មវិធីទាំង ៤ របស់ក្រសួង ត្រូវសិក្សា រៀនសូត្រ ស្វែងយល់ឲ្យយល់ពី អនុកម្មវិធីទាំងអស់ ដែលនៅក្រោមកម្មវិធីនីមួយៗទាំង ៤ របស់ក្រសួង ។
២- ធ្វើការងារបំពេញភារកិច្ចតាមតួនាទី និងសហការគ្នាធ្វើការងារជាក្រុម ដឹកនាំបំផុសឲ្យមានការចូលរួមគំនិតយោបល់ក្នុងការធ្វើផែនការ និងលើកផែនការសកម្មភាពឲ្យស្របតាមអនុកម្មវិធីនីមួយៗ នៃកម្មវិធីទាំង ៤ របស់ក្រសួង ។
៣- យកចិត្តទុកដាក់រៀនសូត្រ កត់ត្រា ពេលមកចូលរួមវគ្គសិក្ខាសាលាបណ្តុះបណ្តាលនានា ឬក៏អនុសាសន៍ណែនាំផ្ទាល់ពី ឯកឧត្តមរដ្ឋមន្ត្រី រួចត្រឡប់ទៅវិញត្រូវផ្សព្វផ្សាយចែករំលែកបន្តក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង នឹងធានាអោយបាននូវនិរន្តរភាពការងារ។
៤- រៀនសូត្រធ្វើការជាលក្ខណៈអន្តរមន្ទីរ ពិសេសជាមួយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ ពិសេសត្រូវដឹងឲ្យច្បាស់ពីទម្រង់របៀបស្នើសុំថវិកា ពីអនុគណនីស្នើថវិកា ពីកាលបរិច្ឆេទទូទាត់ ពីរបៀបទូទាត់ និងកាលបរិច្ឆេទ បើក-បិទ លើកផែនការប្រចាំឆ្នាំ ផែនការ ៥ ឆ្នាំ និង ៣ ឆ្នាំរំកិល ដោយខ្លួនឯង ។
៥- ឲ្យតម្លៃការងារ និងអនុវត្តការងារឲ្យគ្រប់កម្មវិធី និងអនុកម្មវិធី ដែលក្រសួងមាន ។ កុំសំដៅធ្វើតែការងារណាដែលមានថវិកាច្រើន មានថវិកាវិនិយោគ និងមានថវិកាជំនួយ។
៦- ហ៊ានសួរមកមន្ត្រីថ្នាក់ជាតិ នូវរាល់ការងារណាដែលមិនច្បាស់លាស់ ដើម្បីទទួលបាននូវការពន្យល់ ការជួយបង្ហាត់បង្រៀន ពិសេសកសាងភាពជិតស្និទ្ធនិងការសហការល្អរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារឲ្យរលូន។
៧- ស្តាប់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនូវប្រយោគមួយថា ត្រូវរៀនពីខ្លួនឯង ស្គាល់ពីខ្លួនឯង ឲ្យបានច្រើន មនុស្សធ្វើការងារដល់គោលដៅ គឺមនុស្សដែលចេះរៀនសូត្រពីចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួនឯងឲ្យបានច្រើន ។