ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី ជាអ្នកសម្របសម្រួលគម្រោង នាយកគម្រោង ប្រធានគ្រប់គ្រងគម្រោង ព្រមទាំងមន្ត្រីផ្នែកលទ្ធកម្ម និងកិច្ចការរដ្ឋបាលគ្រប់គម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ដ្រី បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ដ រដ្ឋលេខាធិការ ដោយមានការសម្របសម្រួលដោយឯកឧត្តមបណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសហប្រតិបត្តិការដៃគូអភិវឌ្ឍន៍ លើចំណុចសំខាន់ៗរួមមាន សមិទ្ធផលសម្រេចបាន, ហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍, បញ្ហាប្រឈម, ការសន្និដ្ឋាន និងវាយតម្លៃ និងទិសដៅការងារ។

ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង ការពិនិត្យលើបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ ដើម្បីដាក់ទិសដៅការងារសម្រាប់អនុវត្តឱ្យមានគុណភាព និងប្រសិទ្ធភាព។ ក្នុងឱកាសនោះដែរ ដើម្បីឆ្លើយតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍនានាដោយ ការពង្រឹងគុណភាព ៧០% និងពង្រីក ៣០% ។ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
– ត្រូវបន្ដធ្វើបច្ចុប្បន្នភាពខ្សែផ្លូវជនបទ ដោយផ្អែកតាមប្រព័ន្ធគ្រប់គ្រងសារពើភ័ណ្ឌផ្លូវជនបទ និងផែនការមេរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
– ត្រូវពង្រឹងតួនាទី និងមុខងារនៃមន្ទីរពិសោធន៍
– ត្រូវពិនិត្យលើនីតិវិធីនៃ ការអនុវត្តគម្រោងសហប្រតិបត្តិការដៃគូអភិវឌ្ឍន៍ទាំងអស់ដើម្បីធានាដល់ដំណើរការអនុវត្តតាមផែនការដែលបានគ្រោងទុក
– ត្រូវពិនិត្យលើការអនុវត្តការងាររបស់ក្រុមហ៊ុនទទួលការសាងសង់ ដើម្បីធានាដល់ការសាងសង់ផ្លូវជនបទឱ្យមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង
– ត្រូវពិនិត្យតួនាទី និងភារកិច្ចរបស់ទីប្រឹក្សាគម្រោងទាំងអស់ដើម្បីធានាដល់ដំណើរការអនុវត្តគម្រោងមានប្រសិទ្ធភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ