សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង ១២:៥៦ ល្ងាច
- សកម្មភាពក្រសួង
[vc_row][vc_column][vc_column_text]នៅព្រឹកថ្ងៃពុធ ១០ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញចូលរួមក្នុងសន្និបាតនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួង ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល តំណាងអាជ្ញាធរដែនដីរាជធានី-ខេត្ត សរុបជាង ៩០០ នាក់ ។
នៅក្នុងពិធីបើកសិន្និបាត ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ គណៈអធិបតី និងអង្គសន្និបាតទាំងមូល និងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុវត្តយ៉ាងសកម្មនូវ “យុទ្ធសាស្រ្តចតុកោណ” ដំណាក់កាលទី ៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ របស់រាជរដ្ឋភិបាលនីតិកាលទី ៥ នៃរដ្ឋសភា ។ ជាលទ្ធផល ការអភិវឌ្ឍសេដ្ឋកិច្ច មានសន្ទុះដ៏លឿន មានកំណើនខ្ពស់ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនបានឆាប់រហ័សនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទឲ្យមានភាពប្រសើរឡើងជាលំដាប់ តាមរយៈការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ការស្ថាបនា និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសេវាសាធារណៈ ការលើកកម្ពស់សុខភាព ការអប់រំ លក្ខខណ្ឌនៃការរស់នៅ ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចនៅជនបទជាច្រើនទៀតប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដើរតួនាទីដ៏សំខាន់ក្នុងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរួមមានជាអាទិ៍៖ (១). បានយកចិត្តទុកដាក់ពង្រីកសកម្មភាពផ្គត់ផ្គង់ទឹក និងអនាម័យជនបទ (២). ធ្វើឲ្យប្រសើរឡើងនូវបណ្តាញផ្លូវជនបទគ្រប់ប្រភេទ (៣). ធ្វើប្រតិភូកម្មមុខងារជូនរដ្ឋបាលស្រុកលើការងារ៖ ថែទាំផ្លូវជនបទជាលក្ខណៈប្រចាំ, ការងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់សេវាអនាម័យជនបទ (៤). បង្កើនសន្តិសុខស្បៀងគ្រួសារ (៥). បានពង្រឹង និងពង្រីកការផ្តល់ឥណទានខ្នាតតូចដល់ប្រជាពលរដ្ឋជនបទ (៦). លើកស្ទួយសមភាពយេនឌ័រនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (៧). បណ្តុះបណ្តាលដល់មន្ត្រីរាជការនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត (៨). គាំទ្រការរៀបចំ និងពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ ភូមិ (គ.អ.ភ) (៩). ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាមួយដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងវិស័យឯកជន ។
ជាមួយសមិទ្ធផលសំខាន់ៗ ដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងឆ្នាំ ២០១៨ ក្រសួងនឹងខិតខំបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ បន្ទាប់ពីកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ប្រកបដោយជោគជ័យ កាលពីខែកក្កដា ឆ្នាំ២០១៨ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ នៅក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងសម្រួចទិសដៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩ រួមមាន៖ (១) ការពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស (២) ការស្ថាបនា កសាង និងជួសជុល លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ និងសេវាសាធារណៈ (៣) ការលើកកម្ពស់សុខភាព ការអប់រំ និងលក្ខខណ្ឌនៃការរស់នៅ និង(៤) ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្នើសុំសមាជិក សមាជិកានៃអង្គសន្និបាត ឲ្យចូលរួមផ្តល់មតិក្នុងកម្មវិធីពិភាក្សាឲ្យបានផុលផុសទៅតាមរបៀបវារៈសន្និបាត ហើយចូលរួមគាំទ្រ និងអនុវត្តឲ្យបានសកម្មបន្តទៀតនូវគោលនយោបាយសំខាន់ៗលើវិស័យអភិវឌ្ឍន៍ជនបទ និងទិសដៅការងារសំខាន់ៗដែលត្រូវអនុវត្តនៅឆ្នាំ ២០១៩ ឲ្យទៅជាចលនារួមដ៏ខ្លាំងក្លា សំដៅសម្រេចឲ្យបានជាផ្លែផ្កាបន្តទៀតសម្រាប់ឧត្តមប្រយោជន៍របស់ជាតិ និងបានប្រកាស់បើកសន្និបាតជាផ្លូវការ ៕
[/vc_column_text][/vc_column][/vc_row]