ក្រសួងអភិវឌ្ឍន៍ជនបទ ប្ដេជ្ញាបន្តពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តថវិកាកម្មវិធីរបស់ក្រសួង ដើម្បីក្លាយជាសូចនាករក្នុងការវាស់វែងរយៈពេលមួយឆ្នាំពេញ ស្របទៅតាមផែនការគ្រោងទុករបស់ក្រសួង
- ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១២:០១ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំកិច្ចប្រជុំណែនាំស្ដីពីការរៀបចំសូចនាករផែនការសកម្មភាព និងផែនការថវិកា ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក អគ្គាធិការរង អគ្គនាយករង ប្រធានគ្រប់នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ រួមទាំងលោក លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ទាំង២៥ ដែលបានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើការណែនាំដល់អង្គភាពចំណុះក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ត្រូវពង្រឹងភាពជាម្ចាស់ក្នុងការៀបចំផែនការសមិទ្ធកម្ម និងកម្មវិធីចំណាយប្រចាំខែ ប្រចាំត្រីមាស សម្រាប់រយៈពេលពេញមួយឆ្នាំ ដោយឈរលើមូលដ្ឋាននៃការអនុវត្តសកម្មភាពការងារជាក់ស្ដែងដែលបានកំណត់ដូចខាងក្រោម៖
១. ផែនការសកម្មភាពប្រចាំខែ៖ ត្រូវរៀបចំសកម្មភាពប្រចាំខែ ទៅតាមកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងសកម្មភាព ដោយកំណត់ឱ្យបានច្បាស់លាស់នូវលទ្ធផល ដែលគ្រោងនឹងសម្រេចបាននៅក្នុងខែ និងសម្រាប់ខែបន្ទាប់។
២. កម្មវិធីចំណាយប្រចាំត្រីមាស៖ ត្រូវរៀបចំសកម្មភាពប្រចាំត្រីមាស ដោយបែងចែកតាមខែនីមួយៗ ទៅតាមកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងតាមជំពូក ដោយផ្អែកតាមផែនការសកម្មភាពដែលបានគ្រោងប្រចាំខែ។
៣. ការតាមដាន និងវាយតម្លៃពីវឌ្ឍនភាពការងារ៖ គ្រប់អង្គភាពទាំងអស់ត្រូវតាមដាន និងធ្វើការអនុវត្តតាមផែនការសកម្មភាព ព្រមទាំងថវិការបស់ខ្លួនជាប្រចាំ ឱ្យបានទៀងទាត់តាមកាលបរិច្ឆេទ ដែលបានកំណត់។
ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានផ្ដល់អនុសាសន៍បន្ថែមទៅដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ធ្វើការណែនាំបន្ថែមទៅនាយកដ្ឋានទទួលបន្ទុក ដោយត្រូវរៀបចំរបាយការណ៍សមិទ្ធកម្មជាប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ទៅតាមកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ទៅតាមកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងតាមជំពូក គណនី អនុគណនី រួចផ្ញើមកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ពិនិត្យ ដើម្បីដាក់ជូនបន្តទៅថ្នាក់ដឹកនាំពិនិត្យ និងសម្រេច រួចផ្ញើបន្តទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមកាលបរិច្ឆេទ ដែលបានកំណត់។