ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ ៣ខេត្ត

ចែលរំលែក

ខេត្តក្រចេះ -ត្បូងឃ្មុំ -កំពង់ចាម ៖ នាថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ  ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលមានមន្រ្ដីចូលរួមសរុបចំនួន ៨៧នាក់ ស្រីចំនួន ២២នាក់ ។

បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់លោកប្រធានមន្ទីរទាំង ៣ រួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រឡាញ់ នឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរទាំងអស់ និងបានសម្ដែងនូវអបអរសាទរចំពោះសមិទ្ធផលថ្មីៗនៅក្នុងខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រមទាំងសម្ដែងការកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទទួលបានលទ្ធផលល្អនាពេលកន្លងមក។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តលើកឡើងថា នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ ដើម្បីចូលរួមចំណែកដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។

ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍,  ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង ៣ ដូចខាងក្រោម៖

១- ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

២- ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមន្រ្ដីបម្រើប្រជាពលរដ្ឋ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរុងរឿង។

៣-  មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

៤-  មន្ទីរត្រូវបង្កើនការផ្សព្វផ្សាយ និងបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរដើម្បីទំនាក់ទំនង និងផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក៏ដូចជាសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទពីដើមអាណត្តិឱ្យបានកាន់តែទូលំទូលាយដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម ។

៥- ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវលើកទឹកចិត្តតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

៦-  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំង ៣ខេត្តខាងលើនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ