ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអភិវឌ្ឍន៍ជនបទអាស៊ាន ស្តីពីការអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី២០ និងកិច្ចប្រជុំឧត្តមមន្រ្តីអភិវឌ្ឍន៍ជនបទអាស៊ានបូក៣លើកទី១៦ នៅប្រទេសសិង្ហបុរី។
- ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៥:០៩ ល្ងាច
- សកម្មភាពក្រសួង
ប្រទេសសិង្ហបុរី ៖ នាថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការនិងជាឧត្តមមន្រ្តីអាស៊ាន បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអភិវឌ្ឍន៍ជនបទអាស៊ាន ស្តីពីការអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី២០ និងកិច្ចប្រជុំឧត្តមមន្រ្តីអភិវឌ្ឍន៍ជនបទអាស៊ានបូក៣លើកទី១៦ ក្រោមប្រធានបទ “ការពង្រឹងវិធីសាស្រ្តផ្អែកលើសហគមន៍និងការគាំពារសង្គម សម្រាប់ការកាត់បន្ថយភាពក្រីក្រ” នៅប្រទេសសិង្ហបុរី។
កិច្ចប្រជុំទាំង០២បានដំណើរការរយៈពេលពេញមួយថ្ងៃ ដោយបានពិភាក្សាសុីជម្រៅក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់អាស៊ាន លើប្រធានបទមួយចំនួនដូចជា ការពង្រឹងសហគមន៍មូលដ្ឋាន និងការគាំពារសង្គមសម្រាប់ការកាត់បន្ថយភាពក្រីក្រ ផលប៉ះពាល់ដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ លើកកម្ពស់យេនឌ័រក្នុងកម្មវិធីអភិវឌ្ឍន៍ជនបទ ការធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ការលុបបំបាត់ការប្រើប្រាស់ពលកម្មលើកុមារ និងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយរោគរាលត្បាត កូវីដ១៩ (COVID-19) ដែលគម្រោងទាំងនោះជាយន្តការមួយចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារអភិវឌ្ឍបទ និងកាត់បន្ថយភាពក្រីក្រ។
លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានគាំទ្រគំនិតផ្តួចផ្តើមកម្មវិធីភូមិមួយ ផលិតផលមួយ និងស្នើដល់រាជរដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រគម្រោងនេះផងដែរ៕