អភិបាលរងស្រុកសំបូរ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៤ របស់ក្រុមការងារបច្ចេកទេសថ្នាក់ស្រុកលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
- ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១:៥៦ ល្ងាច
- សកម្មភាពក្រសួង
ខេត្តក្រចេះ៖ នាថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ធុន ប៉ូឡែន អភិបាលរងស្រុកសំបូរ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៤ របស់ក្រុមការងារបច្ចេកទេសថ្នាក់ស្រុកលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ។
ចូលរួមក្នុងកិច្ចប្រជុំនេះមានលោក ច័ន្ទ ប៊ុនរិទ្ធ ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ និងលោក ឈាង ស៊ីថា ប្រធានការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីជាមេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មន្ត្រីជំនាញស្រុក និងអង្គការដៃគូរសរុប ២៧រូប។
អង្គប្រជុំ បានផ្ដោតទៅលើ ៣ចំណុចសំខាន់ៗ ដូចខាងក្រោម ៖
-ផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋតាមគ្រួសារនីមួយៗដែលមានបង្គន់អនាម័យប្រើប្រាស់ និងប្រជាពលរដ្ឋដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់តាមខ្នងផ្ទះ ។
-ធ្វើការត្រួតពិនិត្យ និងតាមដានផែនការ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្នុងឃុំ និងក្នុងស្រុកសំបូរ
-រៀបចំយុទ្ធសាស្រ្ត និងការវិភាជន៍ថវិការបស់ឃុំសម្រាប់សាងសង់បង្គន់អនាម័យតាមខ្នងផ្ទះ។
បន្ទាប់ពីបានពិភាក្សាចំណុចសំខាន់ៗខាងលើរួចមក អង្គប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម ៖
១-ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរមាន ១០,៥៥០គ្រួសារ មាន ៩,៥៧៣ខ្នងផ្ទះ, ចំណាកស្រុកមាន ២០៩គ្រួសារ, ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់មានចំនួន ៦,៤៧៧ខ្នងផ្ទះ, ខ្នងផ្ទះប្រើបង្គន់អនាម័យរួមមាន ៤៣៩ខ្នងផ្ទះ, ខ្នងផ្ទះមិនទាន់មានបង្គន់អនាម័យប្រើប្រាស់មានចំនួន ២,៤៤៨ខ្នងផ្ទះ។
២-បានរៀបចំផែនយុទ្ធសាស្រ្ដការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)តាមត្រីមាសនីមួយៗ ដើម្បីជួយជម្រុញឲ្យប្រជាពលរដ្ឋតាមខ្នងផ្ទះដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ និងបង្កើតក្រុមការងារបច្ចេកទេសថ្នាក់ឃុំដើម្បីពន្លឿនការងារ ODFថ្នាក់ឃុំ។
៣-គ្រប់ឃុំបានដាក់ថវិកាសម្រាប់សាងសង់បង្គន់អនាម័យ (ផ្នែកសេវាសង្គម)ជូនគ្រួសារក្រ១ ក្រ២ ទៅក្នុងផែនការបីឆ្នាំរំកិលរបស់ឃុំនីមួយៗ។
ក្នុងឳកាសនោះលោក ធុន ប៉ូឡែន អភិបាលរងស្រុកសំបូរ បានរំលឹកដល់លោក លោកស្រីជាមេឃុំ ប្រធានមណ្ឌលសុខភាពឃុំ និងមន្ត្រីពាក់ព័ន្ធ ឱ្យខិតខំប្រឹងប្រែងគ្រប់វិធីសាស្ត្រ ដើម្បីអោយប្រជាពលរដ្ឋដែលមិនទាន់មានបង្គន់ប្រើប្រាស់ បានកែប្រែទម្លាប់អោយមកប្រើប្រាស់បង្គន់អនាម័យគ្រប់ខ្នងផ្ទះ ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្នានរស់នៅក្នុងផាសុកភាព៕