ប្រជាពលរដ្ឋ ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ សម្តែងនូវការអបអរសាទរ និងគោរពអរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន ដែលបានជួយកែលម្អផ្លូវជនបទក្រាលក្រួសក្រហម ១ ខ្សែ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗកន្លងទៅនេះ

ចែលរំលែក
photo 2023 11 13 12 48 52

ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក លីវ សំណាង ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យការងារឈូសឆាយដីដើម្បីកែលម្អផ្លូវជនបទក្រាលក្រួសក្រហម ១ ខ្សែ ប្រវែង ២ ៧០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៤ រួមមាន ភូមិថ្មកែវ ភូមិក្រាំងគរ ភូមិត្រពាំងរំពាក់ និងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗកន្លងទៅនេះ។

ការកែលម្អផ្លូវ ១ ខ្សែនេះជាឆ្លើយតបបន្ទាន់ទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្ដខាងលើ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដែលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំ និងចង្អុលបង្ហាញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឱ្យធ្វើការកែលម្អខ្សែផ្លូវខាងលើនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ ដើម្បីធានាដល់ការធ្វើសកម្មភាពសេដ្ឋកិច្ចនានា របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្រ្តី និង ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះផងដែរ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ក៏បានសម្តែងនូវការអបអរសាទរ និងគោរពអរគុណជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និង ឯកឧត្ដមរដ្ឋមន្ត្រី ដែលតែងតែជួយដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជួសជុល កែលម្អបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យទាំងឡាយណា ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង៕

photo 2023 11 13 12 48 50photo 2023 11 13 12 48 51photo 2023 11 13 12 48 52photo 2023 11 13 12 48 53photo 2023 11 13 12 48 54photo 2023 11 13 12 48 55

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ