ខេត្តរតនគិរីត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ក្រុងបានលុង ស្រុកតាវែង ស្រុកបរកែវ ជាស្រុក/ក្រុង បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ
- ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តរតនគិរី ៖ ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG )ខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ក្រុងបានលុង ស្រុកតាវែង ស្រុកបរកែវ ជាស្រុក/ក្រុង បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF ) និងប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទដែលមានអ្នកចូលរួមសរុប ១៣នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជា ថាវរិទ្ធ បានផ្តល់ជម្រើសចំនួន៣ ដល់សមាជិកអង្គប្រជុំសម្រាប់ពិភាក្សា និងជ្រើសរើសដូចខាងក្រោម ៖
– ធ្វើពិធីប្រកាសទទួលស្គាល់ស្រុកតាវែងដោយឡែក
– ធ្វើពិធីប្រកាសទទួលស្គាល់ក្រុងបានលុង និងស្រុកបរកែវ រួមគ្នានៅថ្នាក់ខេត្ត
– ធ្វើពិធីប្រកាសទទួលស្គាល់ក្រុងបានលុង ស្រុកតាវែង និងស្រុកបរកែវ រួមគ្នា នៅថ្នាក់ខេត្ត។
បន្ទាប់ពីបានពិភាក្សារួចមក សមាជិកអង្គប្រជុំទាំងអស់ បានឯកភាពសម្រេចជ្រើសរើសយកជម្រើសទី៣ គឺធ្វើពិធីប្រកាសទទួលស្គាល់ក្រុងបានលុង ស្រុកតាវែង និងស្រុកបរកែវ រួមគ្នាតែម្ដងនៅថ្នាក់ខេត្ត។
ដោយឡែកទីតាំងសម្រាប់ប្រារព្ធពិធីនេះ គឺធ្វើនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ដោយកំណត់យកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ផ្តើមពីម៉ោង ៨:០០ នាទីព្រឹក ដែលមានអ្នកចូលរួមប្រមាណ ៥៣៥នាក់ ។
អង្គការដែលបានចូលរួមគាំទ្រកម្មវិធីនេះរួមមាន អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការបណ្តុះកុមារ អង្គការយូនីសេហ្វ និងអង្គការវឌ្ឍនៈភាព។
ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សាអំពី៖
– ការធ្វើវិញ្ញាបនបត្រ និងពានជ័យលាភីជូនក្រុង/ស្រុក
– គម្រោងថវិកាត្រូវចំណាយ និងមុខចំណាយ
– រៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនានា
– ធ្វើសុន្ទរកថាជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត
– ធ្វើរបាយការណ៍លម្អិតរបស់មន្ទីរអភិវឌ្ឍន៍ជនបទ
– រៀបចំលិខិតអំពាវនាវ និងលិខិតថ្លែងអំណរគុណជូនសប្បុរសជន៕