ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញចុះពិនិត្យ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ
- ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ម៉ោង ១២:៣៩ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យ ជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបម្រើការក្នុងមជ្ឃមណ្ឌល ព្រមទាំងបានធ្វើការកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានល្អនាពេលកន្លងក ជាពិសេសបានចូលរួមចំណែកយ៉ាងសកម្មទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល ។
ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានអញ្ជើញពិនិត្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់មជ្ឈមណ្ឌល និងផ្តាំផ្ញើសូមដល់មន្ត្រីគ្រប់រូបចូលរួមថែរក្សា ការពារទ្រព្យសម្បត្តិទាំងឡាយក្នុងមជ្ឃមណ្ឌល ឱ្យនៅឋិតថេរ ដូចជាសម្បត្តិផ្ទាល់ខ្លួនរបស់យើងគ្រប់គ្នាផងដែរ ។
សូមបញ្ជាក់ថា ៖ តាំងពី ២០១៧ – ២០២៣ មជ្ឈមណ្ឌលបានរៀបចំវគ្គបណ្ដុះបណ្ដាលបានចំនួន ៩៤វគ្គ សិក្ខាកាមសរុប ២ ៦១៥នាក់ ស្រី ៩៤០ នាក់ ក្នុងនោះកសិករចំនួន ១ ២៤១នាក់ ក្រៅពីនោះភាគច្រើនជាគណៈកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ ) ៕