ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ អញ្ជើញចុះជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពការងាររយៈពេល៩ខែ (នព្វមាស) ឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប
- ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម៉ោង ២:០៦ ល្ងាច
- សកម្មភាពក្រសួង
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ បានអញ្ជើញចុះជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពការងាររយៈពេល៩ខែ (នព្វមាស) ឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប សរុបចំនួន ៣៧នាក់ ដោយផ្តោតលើរបៀបវារ:ចំនួន៣ រួមមាន ៖
១. របាយការណ៍បូកសរុបលទ្ធផលការងារ រយៈ៩ខែ (នព្វមាស) ឆ្នាំ២០២៣របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប
២. បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារសម្រាប់អនុវត្តបន្ត
៣. មតិសំណេះសំណាល និងអនុសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋលេខាធិការ។
ជាលទ្ធផល បន្ទាប់ពីស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងាររយៈ៩ខែ (នព្វមាស) ឆ្នាំ២០២៣ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបទាំងអស់។
ចំពោះបញ្ហាប្រឈមដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបបានលើកឡើង ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំ និងតម្រង់ទិស រួចរាល់ផងដែរ។
កិច្ចប្រជុំខាងលើ បានបញ្ចប់ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់៕