ផ្លូវក្រាលក្រួសក្រហមថែទាំខួប ចំនួន៣ខ្សែ ប្រវែង ២៣ ៥០០ម៉ែត្រ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានប្រគល់ដាក់ឲ្យប្រើប្រាស់ដោយឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៨:៥៤ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃចន្ទ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ (លទ្ធផលបញ្ចប់ ១០០%) ការអនុវត្តការងារផ្លូវថែទាំខួបក្រាលក្រួសក្រហម ចំនួន៣ខ្សែ ប្រវែងសរុប ២៣ ៥០០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង រួមមាន៖
១. ខ្សែផ្លូវទី១: ផ្លូវព្រងិល-ស្វាយរំពារ ស្ថិតក្នុងឃុំព្រងិល ស្រុកកំពង់លែង ប្រវែង ៨ ១០០ម៉ែត្រ
២. ខ្សែផ្លូវទី២: ផ្លូវវត្តអង្គសេរី-ត្រពាំងខ្ទុំ ស្ថិតក្នុងឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ប្រវែង ៩ ០០០ម៉ែត្រ
៣. ខ្សែផ្លូវទី៣: ផ្លូវត្រពាំងរាំង-ត្រពាំងព្រីង ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ប្រវែង ៦ ៤០០ម៉ែត្រ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេសរួចមក គណៈកម្មាធិការអន្តរក្រសួង បានឯកភាព និងទទួលយកនូវលទ្ធផលអនុវត្តការងារ ១០០%។ ប៉ុន្តែគណៈកម្មាធិការអន្តរក្រសួង បានស្នើសុំអោយមន្ទីរជួយកែតម្រូវនូវចំណុចខ្វះខាតមួយចំនួន។
លើសពីនេះ គណៈកម្មាធិការអន្តរក្រសួង បានណែនាំដល់អ្នកទទួលការ សូមជួយថែទាំផ្លូវនេះឲ្យបានល្អប្រសើរទាំងបច្ចេកទេស គុណភាព និងសោភ័ណភាព សំដៅធានាប្រើប្រាស់បានយូរអង្វែង៕