ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យស្ថានភាពទូទៅរបស់គម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៦:៤៧ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យស្ថានភាពទូទៅរបស់គម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាន-អនុប្រធានគ្រប់គ្រងគម្រោង សមាជិក និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងប្រធានអង្គភាពអនុវត្តគម្រោងក្នុងខេត្តគោលដៅទាំង ១៤ ផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ បានរាយការណ៍ថា គម្រោងនេះបានចាប់ផ្ដើមដំណើរការកាលពីឆ្នាំ១៩៩៨ មក ដោយផ្ដើមចេញពីដៃគូអភិវឌ្ឍន៍ចំនួន ០៣ គឺ ទីភ្នាក់ងារអូស្រ្តាលីសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (AusAID) វិទ្យាស្ថានសេដ្ឋកិច្ចជនបទនៃសាធារណរដ្ឋកូរ៉េ និងអង្គការយូនីសេហ្វ (UNICEF) ។
យោងតាមស្ថានភាព និងលទ្ធផលនៃអង្គភាពអនុវត្តគម្រោងឃើញថា ការថយចុះឥណទានមាននៅខេត្តចំនួន២ ក្នុងចំណោមខេត្តគោលដៅចំនួន១៤ ។ ទោះជាមានការថយចុះនៅក្នុងអំឡុងពេល២០១២ ដល់ឆ្នាំ២០១៩ ក៏ដោយ ក៏គេនៅតែសង្កេតឃើញថា ទ្រព្យសកម្ម របស់អង្គភាពគម្រោងមានការកើនឡើងវិញជាលំដាប់ចាប់ពីឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ននេះ។ ដូចនេះ ដើម្បីឱ្យគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ នៅបន្តមាននិរន្តរភាព និងកើនទ្រព្យសកម្ម គេត្រូវតែពង្រឹងប្រព័ន្ធគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ត្រូវបន្ថែមទុន និងបណ្តុះបណ្តាលសមត្ថភាពមន្ត្រី ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងពង្រីកតំបន់ប្រតិបត្តិការថ្មី។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី និងអង្គប្រជុំបានធ្វើការតាមដាន និងត្រួតពិនិត្យតុល្យការថវិកា ក្នុងអង្គភាពអនុវត្តគម្រោងតាមបណ្ដាខេត្តគោលដៅនីមួយៗ និងបានផ្ដល់អនុសាសន៍ណែនាំដល់អង្គភាពអនុវត្តគម្រោងតាមបណ្ដាខេត្តដូចខាងក្រោម៖
១. ត្រូវផ្ទៀងផ្ទាត់របាយការណ៍វឌ្ឍនភាពដែលអនុវត្តតាមមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅឡើងវិញ ។
២. ត្រូវបន្តអនុវត្តគម្រោងដោយឈរលើធនធានថវិកាដែលមានស្រាប់ ។
៣. ត្រូវធ្វើការសិក្សាឯកសារគតិយុត្តិដែលមានជាធរមានសម្រាប់អនុវត្តការងារឥណទានជនបទ ។ វិភាគចំណុចខ្លាំង និងចំណុចខ្សោយនៃការអនុវត្តគម្រោងឥណទានសាច់ប្រាក់និងលើកទិសដៅអនុវត្តបន្តឱ្យបានជោគជ័យ ។
៤. ក្រុមឥណទានត្រូវកំណត់មុខសញ្ញាប្រជាជននៅជនបទ ដែលគួរផ្តល់ឥណទាន ដោយផ្តោតលើអ្នកដែលទទួលបានការបណ្តុះបណ្តាលជំនាញមូលដ្ឋានរួច និងមានមុខរបរ ។
៥.ត្រូវអនុវត្តផងដែរនូវឥណទានមិនមែនសាច់ប្រាក់ ដូចជាឥណទានស្រូវ ឥណទានគោ និងឥណទានផ្សេងទៀត ដែលផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាជននៅតំបន់ជនបទ ៕