- ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ម៉ោង ២:៣៤ ល្ងាច
- សកម្មភាពក្រសួង
ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ដោយមានការចូលរួមពីឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ, ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញអន្តរក្រសួងជាច្រើនរូបទៀត ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់-ទទួល១០០% ផ្លូវក្រាលដីល្បាយក្រួស១ខ្សែប្រវែង ៧០០០ម ទទឺង ៨ ម កម្រាស់ ០,២ម , លូប្រអប់មុខ២ ចំនួន ៣កន្លែង,លូមូលមុខ២ ចំនួន១កន្លែង,លូមូលមុខ១ចំនួន៨កន្លែង និងស្លាកឈ្មោះផ្លូវ១កន្លែង ស្ថិតនៅភូមិព្រៃថ្កូវ ឃុំសែនសុខ, ភូមិគោកថ្ម ភូមិរើល ឃុំក្រូចគរ ស្រុកក្រលាញ់ ខេត្តសៀមរាប អនុវត្តដោយកងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប។
បន្ទាប់ពីបានត្រួតពិនិត្យជាក់ស្តែង និងយោងតាមស្មារតីអង្គប្រជុំពិភាក្សារវាងកងវិស្វកម្ម និងអ្នកបច្ចេកទេសរួចមក ក្រុមការងារអន្តរក្រសួងសម្រេច :
១.ឯកភាព និងទទួលយកនូវលទ្ធផលអនុវត្តការងារ ១០០%
២.កងវិស្វកម្មត្រូវកែសម្រួលបំពេញបន្ថែមជើងទេប្រមាណ២០ម ដែលទឹកហូរច្រោះ ស្ថិតក្នុងឃុំសែនសុខ ក្រោយពេលទឹកសម្រក ។
៣.កងវិស្វកម្មត្រូវធ្វើការកែលម្អសោភណភាពឡើងវិញត្រង់កន្លែងក្បាលជញ្ជាំងស្លាបលូចំនួន២ កន្លែង ។
៤.មុនពេលបញ្ចប់សុពលភាព និងក្រោយពេលទឹកសម្រក កងវិស្វកម្មត្រូវពិនិត្យមើលស្ថានភាពផ្លូវ១ខ្សែនេះឡើងវិញ និងធ្វើការថែទាំ បំពេញបន្ថែម ក្នុងករណីចាំបាច់ ។