ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំគោលនយោបាយអភិវឌ្ឍន៍សហគមន៍ និងជនជាតិដើមភាគតិច

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំគោលនយោបាយអភិវឌ្ឍន៍សហគមន៍ និងជនជាតិដើមភាគតិច ដោយមានការចូលរួមពី ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ព្រមទាំងលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច​ សរុបចំនួន ២១ នាក់។

 

គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាទៅលើការរៀបចំគោលនយោបាយអភិវឌ្ឍន៍សហគមន៍ និងជនជាតិដើមភាគតិច​ រួមទាំងឯកសារទស្សនទាននៃការអភិវឌ្ឍសហគមន៍សហគមន៍ជនជាតិដើមភាគតិច និងការរៀបចំភូមិគំរូ ដើម្បីដាក់ជាកម្មវិធីអាទិភាពថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាពេលអនាគត តាមរយ:គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ​​ រយ:ពេលវែង ដែលកំពុងរៀបចំ។

 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានអនុញ្ញាតឱ្យ ឯកឧត្តម អឿន ធារិទ្ធ ធ្វើបទបង្ហាញលើសេចក្តីព្រាងស្តីពី គោលគំនិតនៃការកសាងភូមិគំរូ ដែលគួរកំណត់លក្ខណៈវិនិច្ឆ័យចំនួន ០៦ចំណុចគឺ  អភិបាលកិច្ចល្អ ការអប់រំនិងធនធានមនុស្ស សុខភាព និងបរិស្ថានរស់នៅ កម្រិតជីវភាពរស់នៅ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម និងបច្ចេកវិទ្យា។ ក្នុងនោះដែរ តំណាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ក៏បានលើកឡើងពីសេចក្តីព្រាងលក្ខណៈវិនិច្ឆ័យ​ សហគមន៍គំរូជនជាតិដើមភាគតិច ដែលគួរមាន ០៧ចំណុចគឺ សហគមន៍ផ្លូវការ សេដ្ឋកិច្ច អភិបាលកិច្ចល្អ វប្បធម៌ប្រពៃណី សុខភាពអនាម័យ ការអប់រំ និងអភិវឌ្ឍន៍ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ។

 

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមការងារនាយកដ្ឋានទាំងពីរ រៀបចំសេចក្តីព្រាងលម្អិតស្តីពី ការអភិវឌ្ឍសហគមន៍សហគមន៍ជនជាតិដើមភាគតិច និងការរៀបចំភូមិគំរូ ដោយយកចិត្តទុកដាក់លើភូមិ ឬសហគមន៍ ដែលមានសក្តានុពលក្នុងការអភិវឌ្ឍទាំងសេដ្ឋកិច្ច សង្គម និងវប្បធម៌។

 

ជាចុងក្រោយ​ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានចង្អុលបង្ហាញ​ ផ្តល់ការណែនាំ​ ដល់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ឱ្យរៀបចំនូវបច្ចុប្បន្នភាពការងារអភិវឌ្ឍន៍សហគមន៍ និងផែនការសកម្មភាពដែលជាទិសដៅសម្រាប់ការអនុវត្តបន្តផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ