ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឆាយ​ ឬទ្ធិសែន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ អមដំណើរដោយ​ ឯកឧត្តម​ អ៊ឹង​ វណ្ណា​ អនុរដ្ឋលេខាធិការ និងសហការី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងតាមដានការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទខេត្តកំពត។

ចែលរំលែក

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ០៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឆាយ​ ឬទ្ធិសែន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ អមដំណើរដោយ​ ឯកឧត្តម​ អ៊ឹង​ វណ្ណា​ អនុរដ្ឋលេខាធិការ និងសហការី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងតាមដានការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទខេត្តកំពត​ ដោយមានការចូលរួមពី​ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាមន្ទីរ  សរុបចំនួន ៤០រូប។

 

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណង៖

១. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត

២. ពិភាក្សាពីបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តការងារកន្លងមក

៣. លើកទិសដៅការងារបន្តសម្រាបអនុវត្តនាពេលខាងមុខ។

 

ក្រោយពី ឯកឧត្តម  អ៊ឹង វណ្ណា​ បានរំលឹកពីវឌ្ឍនភាពនិងការអនុវត្តគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន ដែលកំពុងអនុវត្តក្នុងខេត្តកំពត និងបានណែនាំដល់មន្ទីរឲ្យយកចិត្តទុកដាក់ ក្នុងតាមដាន សកម្មភាពគម្រោងនានា​ ឯកឧត្តម​ សាន វិសាល ក៏បានផ្តល់អនុសាសន៍ណែនាំ ០៦ចំណុច ផងដែរ៖

១. ត្រូវមានលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់

២. ត្រូវមានទីកន្លែងធ្វើការច្បាស់លាស់

៣. ត្រូវមានធនធានមូលធនមនុស្សច្បាស់លាស់

៤. ត្រូវមានរៀបរបបការងារត្រឹមត្រូវ ព្រមទាំងរក្សាឲ្យបាននូវសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នា

៥. ត្រូវមានការបែងចែកតួនាទី ភារកិច្ច ផ្អែកតាមជំនាញ

៦. និងមានការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម។

 

ជាកិច្ចបន្ទាប់ ឯកឧត្តម​ ក៏បានចុះពិនិត្យមើលបង្គន់អនាម័យជាលក្ខណៈគ្រួសារ និងអណ្តូងស្នប់ នៅភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ព្រមទាំងទៅពិនិត្យមើលទីតាំងមណ្ឌលសុខភាពបឹងនិមល ស្ថិតក្នុងឃុំបឹងនិមល ស្រុកឈូក ដែលបានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ជួយដោះស្រាយរំដោះទឹកចេញពីបរិវេណមណ្ឌលសុខភាព កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក។

 

ជាលទ្ធលផល៖ ឯកឧត្តម សាន វិសាល និង ឯកឧត្តម អ៊ឹង វណ្ណា បានឯកភាពនិងគាំទ្រលើដំណោះស្រាយរបស់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត​​ ដែលបានរាយការណ៍និងស្នើសុំ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ចាក់ក្រួសក្រហមកម្ពស់ ០,៦០ម៉ែត្រ និងចាក់សាបកម្រាស់ ០,២០ម៉ែត្រ មានបណ្តោយ ២១,៥ម៉ែត្រ និងទទឹង ១៦,៥ម៉ែត្រ​ ដើម្បីជួយរំដោះទឹកចេញពីបរិវេណមណ្ឌលសុខភាពនេះ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ