កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ
- ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៥:៥០ ល្ងាច
- សកម្មភាពក្រសួង
នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្ដីជាប់កិច្ចសន្យាទាំងអស់។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំបំពេញការងារនាពេលកន្លងមក ព្រមទាំងបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងអំពី សមិទ្ធិផលដែលមន្ទីរសម្រេចបានក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣ និងត្រៀមចុះមូលដ្ឋានដើម្បីពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួនដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៕