ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពស្ពានឆ្លងស្ទឹងពោធិ៍សាត់ ចំនួន ២ ទីតាំង ដែលទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងហូរធ្លាក់ពីតំបន់ជួរភ្នំក្រវ៉ាញ

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស លោកធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងសហការី បានអញ្ជើញទៅពិនិត្យស្ថានភាពស្ពានឆ្លងស្ទឹងពោធិ៍សាត់ ចំនួន ២ ទីតាំង ដែលទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងហូរធ្លាក់ពីតំបន់ជួរភ្នំក្រវ៉ាញ។

ទីតាំងស្ពានទាំង ២ ដែលក្រុមការងារលេខាធិការដ្ឋានចុះពិនិត្យនាឱកាសនោះ មានដូចខាងក្រោម៖

ទីតាំងទី១៖ ស្ពានបាឡេ ក្រាលបន្ទះដែក មានប្រវែង ១៣៨ ម៉ែត្រ ទទឹង ៤ ម៉ែត្រ តភ្ជាប់ពីភូមិព្រែក៣ ឃុំសំរោង ភ្ជាប់ទៅភូមិបោះពួយ ឃុំលាច ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយស្ពាននេះត្រូវបានស្ថាបនាដោយគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ក្នុងឆ្នាំ២០០៥។ បច្ចុប្បន្ន ស្ពាននេះនៅអាចចរាចរបាន តែមានការខូចខាតផ្នែកខ្លះ ដែលតម្រូវឱ្យមានការជួសជុល និងថែទាំ។

ទីតាំងទី២៖ ស្ពានដែក (ដែកអ៊ី) ក្រាលឈើ មានប្រវែង ៨៤ ម៉ែត្រ ទទឹង ៣ ម៉ែត្រ តភ្ជាប់ពីភូមិព្រែកក្តី ឃុំកណ្តៀង ទៅភូមិឈើត្រាច ឃុំអន្លង់វិល ស្រុកកណ្តៀង ដែលស្ពាននេះ កសាងដោយថវិការបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ ២០១២។ ដោយសារកម្លាំងទឹកស្ទឹងពោធិ៍សាត់ហូរខ្លាំងនៅយប់ថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ បណ្ដាលស្ពានបាក់ដាច់ ប្រវែងប្រហែល ៤០ ម៉ែត្រ មិនអាចចរាចរបានឡើយ។ តាមការពិនិត្យលើសភាពជាក់ស្ដែង ស្ពាននេះមិនអាចជួសជុលបានទេ តម្រូវឱ្យមានការសិក្សា ដើម្បីសាងសង់ថ្មី សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនោះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ