ឯកឧត្តមជ្រាយ ប៉ុម អញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលសរុបគម្រោងចំណងអភិវឌ្ឍន៍អនាម័យជនបទនៅកម្ពុជា

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរសមិទ្ធផលសរុបគម្រោងចំណងអភិវឌ្ឍន៍អនាម័យជនបទនៅកម្ពុជា (Cambodia Rural Sanitation Development Impact Bond Celebration) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ សមាសភាពចូលរួមមាន តំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ អាជ្ញាធរខេត្ត ស្រុក និងឃុំ មន្ទីរអភិវឌ្ឍន៍ជនបទនៃខេត្តគោលដៅ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ ១០០ នាក់។

 

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីចែករំលែកអំពី ភាពជោគជ័យ មេរៀន និងបទពិសោធន៍ក្នុងការអនុវត្តគម្រោងចំណងអភិវឌ្ឍន៍អនាម័យជនបទរបស់គម្រោងពង្រីកទីផ្សារអនាម័យនៅក្នុងប្រទេសកម្ពុជា។

 

ក្នុងឱកាសនោះ ឯកឧត្តម ជ្រាយ ប៉ុម បានពាំនាំនូវការកោតសរសើរ និងថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះគ្រប់ភាគីពាក់ព័ន្ធដែលខិតខំអនុវត្តន៍គម្រោងទទួលបានជោគជ័យ ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ប្រជាជននៅជនបទ។

 

បន្ថែមពីនេះ ឯកឧត្តមអគ្គនាយក ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកក្នុងវិស័យអនាម័យជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងបានស្នើដល់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់បន្តសហការ និងចូលរួមឱ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ ២០២៥ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ