ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យមន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង និងមន្រ្ដីបច្ចេកទេស នៃនាយកដ្ឋានផ្លូវលំជនបទ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញ ព្រមទាំងពិនិត្យមន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញត្រួតពិនិត្យមើលដំណើរការទូទៅរបស់មន្ទីរពិសោធន៍ ដោយក្នុងនោះមាន៖ សម្ភារៈ និងឧបករណ៍សម្រាប់ធ្វើពិសោធន៍ បន្ទប់ពិសោធន៍ និងសំណាកផ្សេងៗ ដែលជាចំណែកមួយនៃមន្ទីរពិសោធន៍ ។ ជាមួយនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញទាំងអស់ ព្រមទាំងបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេសទាំងអស់ដែលកំពុងបំពេញការងារនៅមន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីទាំងអស់ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែម ដើម្បីពង្រឹងដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនៅជនបទ និងត្រូវរួមគ្នាថែរក្សាសម្ភារដែលមានស្រាប់ឱ្យបានល្អ និងស្ថិតស្ថេរយូរអង្វែង។

 

សូមបញ្ជាក់ថា មន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់សម្រាប់ធ្វើការពិសោធលើគុណភាពដី ថ្ម បេតុង ដែក កៅស៊ូ ខ្សាច់ ជាដើម ដើម្បីពង្រឹងគុណភាពសំណង់ផ្លូវថ្នល់ និងសំណង់សិល្បការ្យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ