សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី សេចក្តីព្រាងការរៀបចំគោលការណ៍ណែនាំប្រតិបត្តិការ និងផែនការអភិវឌ្ឍហិរញ្ញប្បទានសាធារណៈជាតិសម្រាប់វិស័យអនាម័យ

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំអង្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី សេចក្តីព្រាងការរៀបចំគោលការណ៍ណែនាំប្រតិបត្តិការ និងផែនការអភិវឌ្ឍហិរញ្ញប្បទានសាធារណៈជាតិសម្រាប់វិស័យអនាម័យ។

 

អង្គសិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ​ លោកស្រី  ដួង ដានី អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធទឹកកង្វក់ នៃក្រសួងសាធារណការនិងដឹកជញ្ជូន អង្គការយូនីសេហ្វ (UNICEF) អង្គការសហគ្រាសអភិវឌ្ឍន៍អន្តរជាតិកម្ពុជា​ (IDE) អង្គការទស្សន:ពិភពលោក​ (Word Vision) អង្គការវ័តធឺអេត​ (Water Aid) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សរុបចំនួន ២៦ នាក់។

 

អង្គសិក្ខាសាលានេះមានគោលបំណង៖ ដើម្បីពិភាក្សាលើការប្រមូលទិន្នន័យសម្រាប់ចាប់ផ្តើមដំណើរការរៀបចំគោលការណ៍ណែនាំប្រតិបត្តិការ និងផែនការអភិវឌ្ឍន៍វិស័យអនាម័យ ដើម្បីឈានទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា  (CSDG)   ដែលរាជរដ្ឋាភិបាលមានគោលដៅសម្រេចឲ្យបាន៩០% ជាមូលដ្ឋាន​ លើការគ្របដណ្តប់សេវាទឹកស្អាតនិងអនាម័យ នៅឆ្នាំ២០២៥ និង​ សម្រេចបាន ១០០% លើការគ្របដណ្តប់សេវាទឹកស្អាតនិងអនាម័យប្រកបដោយសុវត្ថិភាព នៅឆ្នាំ២០៣០ សម្រាប់តំបន់ជនបទ។

 

ជាលទ្ធផល​ សម្រាប់ការរៀបចំយុទ្ធសាស្ត្រហិរញ្ញវត្ថុជាតិសម្រាប់វិស័យអនាម័យនេះ គម្រោងបានសម្រេចជ្រើសរើស ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ជាខេត្តដំបូងគេសម្រាប់សាកល្បងក្នុងការចុះប្រមូលទិន្នន័យ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ