
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសខ្សែផ្លូវអាទិភាព ដើម្បីស្ថាបនា ក្នុងឆ្នាំ២០២៦ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល
- ១ ថ្ងៃមុន ថ្ងៃទី២៨ ខែមេសា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសខ្សែផ្លូវអាទិភាព លើកទី២ ដើម្បីស្ថាបនា ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យជ្រើសរើសខ្សែផ្លូវអាទិភាពដែលមាននៅក្នុងផែនការមេផ្លូវជនបទ ដើម្បីស្ថាបនា ស្ដារឡើងវិញ និងលើកកម្រិតគុណភាព នៅតាមរាជធានី ខេត្ត ទាំង២៥ ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយអនុវត្តតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវអភិក្រមពង្រឹង ៧០% និងពង្រីក ៣០% សម្រាប់កិច្ចការកំណែទម្រង់ និងការអភិវឌ្ឍជាតិក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវខិតខំអនុវត្តផែនការយុទ្ធសាស្ដ្រ និងផែនការប្រចាំឆ្នាំរបស់ខ្លួន ឱ្យទទួលបានជោគជ័យ និងប្រកបដោយគុណភាព ដើម្បីបម្រើផលប្រយោជន៍ពិតប្រាកដដល់ប្រជាជននៅជនបទ៕