
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការពិនិត្យបរិបថការងារ និងពង្រឹងការអនុវត្តរបស់អង្គភាពជំនាញនានាក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ
- ១ ថ្ងៃមុន ថ្ងៃទី២៨ ខែមេសា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើតារាងវឌ្ឍនភាពការងារគិតជាភាគរយរបស់អង្គភាពជំនាញនានាក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំបរិបថការងារ និងការពង្រឹងការអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលជូនជាតិ និងប្រជាជន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក លោកជំទាវអគ្គាធិការ លោក លោកស្រី អគ្គនាយករង អគ្គាធិការរងប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការជំនាញនៃនាយកដ្ឋានជំនាញក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំបានដំណើរការដោយមានការធ្វើបទអន្ដរាគមន៍របស់ ឯកឧត្តមអគ្គនាយក រដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកបច្ចេកទេស និងការបទបង្ហាញស្ដីពីបរិបថការងារ និងការកំណត់ភាគរយនៃសូចនាករការងារ ដោយផ្អែកលើក្របខ័ណ្ឌពេលវេលា និងទំហំការងាររបស់នាយកដ្ឋានជំនាញនីមួយៗ ព្រមទាំងធ្វើការពិភាក្សាយ៉ាងផុលផុស ដើម្បីកែសម្រួលនិងកំណត់ភាគរយនៃវឌ្ឍនភាពឱ្យមានសុក្រឹតភាព និងមានសង្គតិភាពទៅនឹងផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ការងារ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឱ្យក្រសួង ស្ថាប័នទាំងអស់ត្រូវធ្វើការពិនិត្យលទ្ធផលការងារ និងនីតិវិធីកំណត់បរិបទការងារ ព្រមទាំងពង្រឹងការអនុវត្ត ដោយជំរុញវឌ្ឍនភាព ដើម្បីសម្រេចសូចនាករប្រចាំឆ្នាំរបស់ខ្លួន ឱ្យអនុឡោមតាមកំណែទម្រង់ទាំងបីប្រភេទរបស់រាជរដ្ឋាភិបាលគឺ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ, និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅឆ្លើយតបទៅនឹងយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។