ឯកឧត្តម ឆាយ ឫទ្ធិសែន អនុញ្ញាតជូនលោក Janes Imanuel Ginting នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- ១ ថ្ងៃមុន ថ្ងៃទី២២ ខែមេសា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនលោក Janes Imanuel Ginting នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកនាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI) និងសហការី អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបានកន្លងមក និងទិសដៅអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការកំណត់យកចក្ខុវិស័យ ៥ឆ្នាំ របស់ខ្លួនគឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់លើការរៀបចំភូមិគំរូគន្លិះ ព្រោះភូមិគំរូគន្លឹះ គឺជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍដែលផ្ដល់សេវាសង្គម សេដ្ឋកិច្ច និងផលជះវិជ្ជមានដល់ភូមិដទៃដែលនៅជុំវិញ ដែលអាចធានាបាននូវកំណើនមុខរបរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ ដែលកាត់បន្ថយវិសមភាពសង្គមរវាងជនបទ និងទីក្រុង ពោលគឺជាតំបន់ជនបទស៊ីវីល័យ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន ពិសេសជាមួយអង្គការដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែលក្នុងនោះក៏រួមមានអង្គការ WVI ក្នុងការសម្រេចអោយបាននូវគោលដៅរបស់ក្រសួងលើការអភិវឌ្ឍន៍នៅតំបន់ជនបទ។
លោកJanes Imanuel Ginting នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ (WVI) បានថ្លែងអំណរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក ព្រមទាំងសហការីបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកបានមានប្រសាសន៍ថា WVI បានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៧០មកម៉្លេះ។ បច្ចុប្បន្នអង្គការបាននឹងកំពុង បន្តកិច្ចសហប្រតិបត្តិការជាមួយជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ បន្តទៀតលើវិស័យអភិវឌ្ឍន៍ជនបទដូចជា ការអប់រំ សង្គមកិច្ច សុខភាព អនាម័យទឹកស្អាត និងកម្មវិធីការការពារ និងចូលរួមរបស់កុមារ។ លោកនាយកប្រចាំប្រទេស បានសម្តែងការកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ផ្ទាល់ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់ដើម្បីប្រែក្លាយជនបទនៅកម្ពុជាឱ្យកាន់តែមានភាពស៊ីវិល័យ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះលោក ក៏បានប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកនាយកប្រចាំប្រទេស និងសហការីដែលអញ្ជើញមកនាពេលនេះ ក៏ដូចជាថ្លែងអំណរគុណចំពោះលោកនាយក ដែលប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ឱ្យកាន់តែមានភាពរឹងមាំបន្តទៅទៀត៕