ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី១១ ឆ្នាំ២០២៥

ចែលរំលែក

ខេត្តសៀមរាប៖ នារសៀលថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី១១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។  ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ លើកទី១១ ឆ្នាំ២០២៥ នេះ មានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភាព រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ យុវជនស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

 

សូមជម្រាបជូនផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅលើទឹកដីដ៏អច្ឆរិយរបស់យើងនេះ ត្រូវបានផ្ដួចផ្ដើម និងរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ គ្រឹស្ដសករាជ ២០២៥ និងមានគោលបំណងសំខាន់មួយចំនួនទៀតដូចខាងក្រោម៖

– ជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមហាគ្រួសារខ្មែរតែមួយ

– រម្លឹក និងធ្វើឱ្យរស់រវើកឡើងវិញនៃ “មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី”

– ជំរុញឱ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិនានាលើសកលលោក

-ផ្តល់ឱកាសឱ្យយុវជន ប្រជាជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្វែងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀម ទម្លាប់ ប្រពៃណី និងសាសនា តាំងពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន និងបន្តថែរក្សាកេរមរតកនេះឱ្យបានគង់វង្ស ព្រមទាំងបន្តពង្រីកកិត្យានុភាពរបស់ កម្ពុជាលើឆាកអន្តរជាតិ

– បំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាពជាធ្លុងមួយ ក្នុងមោទកភាពជាតិខ្មែរ និងជាគ្រួសារខ្មែរតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ

– បង្ហាញនូវវប្បធម៌នៃការចែករំលែក ការរាប់អាន និងភាពទន់ភ្លន់របស់ប្រជាជនកម្ពុជាក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចជាបងប្អូនតែមួយ

– ផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួមតាំងបង្ហាញម្ហូបអាហារ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងឧបករណ៍បរិក្ខារដែលបង្ហាញពី អត្តសញ្ញាណវប្បធម៌ក្នុងតំបន់ និងសេវកម្មនានា

– ជំរុញបន្ថែមកំណើនចំណូលក្នុងវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ខេត្តសៀមរាប៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ