
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម
- ១១ ម៉ោងមុន ថ្ងៃទី១២ ខែមេសា ២០២៥
- សកម្មភាពក្រសួង

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
ផ្លូវជាតិលេខ៧១សេ មានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយចំណាយថវិកាសាងសង់សរុបប្រមាណ ១៣៣លានដុល្លារអាម៉េរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគ មួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
សូមជម្រាបជូនផងដែរថា ផ្លូវជាតិលេខ៧១សេ បានចាប់ផ្តើមសាងសង់ក្នុងដំណាក់កាលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ក្នុងឱកាសដែលសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានរយៈពេលសាងសង់ចំនួន ៤២ខែ។ ផ្លូវនេះ បានបើកឱ្យពលរដ្ឋធ្វើដំណើរតាំងពីឆ្នាំ២០២៤មកម្ល៉េះ ហើយសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ដើម្បីជាចំណងដៃថ្មីការធ្វើដំណើររបស់ប្រជាជន នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ជាពិសេសការតភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ តាមរយៈការសម្រួលដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា៕