
ឯកឧត្តម អ៉ិន ចន្ថា បានដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែប្រវែង ៤ ៥០០ ម និងសំណង់សិល្បការ្យ នៅភូមិវាលស្ពរ ទៅភូមិខេត្តកំពង់ធំ
- ៤ ថ្ងៃមុន ថ្ងៃទី៧ ខែមេសា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែប្រវែង ៤ ៥០០ ម និងសំណង់សិល្បការ្យរួមមាន លូមូលមុខពីរ ចំនួន ០២កន្លែង, លូមូលមុខមួយចំនួន ០៤ កន្លែងនិងផ្លាកឈ្មោះផ្លូវចំនួន ០១ កន្លែង ស្ថិតនៅភូមិវាលស្ពរ ទៅភូមិភូមិត្រពាំងសង្កែ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (គម្រោងលេខDRR-NC-2024-No. 002) ដែលមានការចូលរួមពីលោកប្រធាននាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ,ក្រុមការងារក្រុមហ៊ុនហេង សម្បត្តិ អាហរ័ណ នីហរ័ណដឹកជញ្ជូននិងសំណង់, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋមួយចំនួនទៀត។
ក្នុងឱកាសនេះ ឯកឧត្តម បានសំណេះសំណាលដោយពាំនាំនូវការស្រលាញ់នឹករលឹកយ៉ាងខ្លាំងនិងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងអង្គពិធីនេះ។
ក្នុងឱកាសនេះ ឯកឧត្តម បានជម្រាបជូនអំពីអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយមានកម្មវិធីអាទិភាពចំនួន៥ រួមមាន៖ ១/.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ២/.ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣/. ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ៤/. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងទី៥/. ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យខាងតែបាន, ចូលរួមសហការសម្របសម្រលជាមួយក្រុមការងារស្ថាបនាផ្លូវ និងសូមឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
មុននឹងបញ្ចប់កម្មវិធីនេះ ឯកឧត្តម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត នូវក្រមាដែលជាវត្ថុអនុស្សាវរីយ៍ ចែកជូនដល់អ្នកចូលរួមក្នុងអង្គពិធីសរុបចំនួនប្រមាណជា ១២៧ រូប និងបានឡើងបញ្ជាគ្រឿងចក្របើកការដ្ឋានសាងសង់។