
ឯកឧត្តម យឹម ជុង បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីស្ថានភាពអនាម័យ និងការរៀបចំផែនការពន្លឿនការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ខេត្តពោធិ៍សាត់
- ២ ថ្ងៃមុន ថ្ងៃទី២៩ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីស្ថានភាពអនាម័យ និងការរៀបចំផែនការពន្លឿនការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ខេត្ត ក្រោមការសម្របសម្រួលរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
សិក្ខាសាលានេះ រៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លឹម សុខតូ អភិបាលរងខេត្ត និងប្រតិភូក្រសួងអភិឌ្ឍន៍ជនបទ អាជ្ញាធរក្រុងស្រុក តំណាងអង្គការដៃគូរ និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលជាសមាជិក PWG ខេត្តពោធិ៍សាត់ ។
ក្នុងឱកាសនេះ ឯកឧត្តម បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ យកចិត្តទុកដាក់លើការងារសុខភាពអនាម័យជនបទនេះ តាំងពីពេលបង្កើត តាំងពីឆ្នាំ១៩៩៦មកម្លេះ ដោយមាននាយកដ្ឋានថែទាំសុខភាព នាយកដ្ឋានផ្គត់ផ្គងទឹកជនបទ ជានាយកដ្ឋានមានសារៈសំខាន់ ជំរុញការងារសុខភាពអនាម័យជនបទ ដែលក្រសួង មានគោលការណ៍ គាំពារ មុនព្យាបាល។ យោងតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បច្ចុប្បន្នអត្រាគ្របដណ្តប់អនាម័យជនបទនៅទូទាំងខេត្តពោធិ៍សាត់ មានចំនួន៨៨ភាគរយ ក្នុងនោះស្រុកតាលោកសែនជ័យ ជាស្រុកដំបូងគេ សម្រេចបានODF ១០០ភាគរយ ហើយស្រុកភ្នំក្រវាញសម្រេចបាន៩២ភាគរយ ស្រុកបាកានសម្រេចបាន៩១ភាគរយ ក្រុងពោធិ៍សាត់សម្រេចបាន៩៥ភាគរយ ស្រុកណ្តៀងសម្រេចបាន៨៣ភាគរយ ស្រុកក្រគរសម្រេចបាន៨២ភាគរយ និងស្រុកវាលវែងសម្រេចបាន៦៨ភាគរយ ។
ឆ្លងកាត់ការពិភាក្សាពីភាគីពាក់ព័ន្ធអំពីវឌ្ឍន៍ភាពនិងបញ្ហាប្រឈមតាមបណ្តាភូមិឃុំក្រុងស្រុក និងបទបង្ហាញដោយ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ អំពីយុទ្ធសាស្ត្រដើម្បីសម្រេចបានODF ១០០ភាគរយក្នុងខេត្តពោធិ៍សាត់ អាជ្ញាធរក្រុងស្រុកទាំងអស់ ក៏ដូចជារដ្ឋបាលខេត្ត និងអង្គការដៃគូ បានរួមគ្នាប្តេជ្ញា ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ធ្វើយ៉ាងណាឲ្យគ្រប់ភូមិ ឃុំសង្កាត់ ក្រុងស្រុក ក្នុងខេត្តពោធិ៍សាត់ ក្លាយជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងមានភាពជឿជាក់ លើរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានប្តេជ្ញារួមគ្នាជំរុញឲ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តODF ក្នុងឆ្នាំ២០២៥នេះ និងរួមចំណែកលើកសុខមាភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយនូវភាពក្រីក្រ ៕