ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានអញ្ជើញជាអធិបតីក ក្នុងវេទិកាសាធារណៈនៅសាលាឃុំខ្នាឆ្មារ ភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ចែលរំលែក

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នាឆ្មារ និងឃុំធ្លកវៀន បានរៀបចំវេទិកាសាធារណៈនៅសាលាឃុំខ្នាឆ្មារ ភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ដោយមានសមាសភាពអញ្ជើញចូលរួមមកពីតាមបណ្តាភូមិទាំង៧ នៃឃុំខ្នាឆ្មារ សរុបចំនួន ១៦១នាក់ ស្រី ៤១នាក់ ។

 

ក្នុងពិធី សំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករឭកជាទីរាប់អាន និងពរសព្ទសាធុការពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ព្រមទាំងផ្តាំផ្ញើ និងសំណូមពរដល់សមាជិក សមាជិកា ដែលមានដូចជា៖

 

១. ខិតខំថែរក្សាការពារឲ្យបាននូវសន្តិភាព ពីព្រោះសន្តិភាពមានគុណតម្លៃយ៉ាងធំធេងណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

២. ខិតខំអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

៣. ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន បំផុសចលនាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឲ្យទៅទទួលការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានឱកាសការងារសមរម្យ។

៤. ជួយផ្សព្វផ្សាយ ពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីជំនួយសង្គមនៅតាមមូលដ្ឋានភូមិ ប្រកបដោយតម្លាភាព បរិយាបន្ន និង គណនេយ្យភាព។

៥.យកចិត្តទុកដាក់តាមដាន ក្តាប់ឲ្យបាននូវស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

៦. អាជ្ញាធរមូលដ្ឋានត្រូវខិតខំបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ឲ្យសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីតាមយន្តការក្រៅប្រព័ន្ធតុលាការ។

៧. អាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពនូវបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើលួច ឆក់ ប្លន់ អំពើហឹង្សា ការជួញដូរមនុស្សគ្រប់ប្រភេទ និងបទល្មើសផ្សេងៗ។

 

អង្គវេទិកាសាធារណៈ បានទទួលនូវសំណួរសំណូមពរនិងក្តីកង្វល់ សរុបមានចំនួន៤ករណីក្នុងនោះមានដូចជា៖

– វិស័យដីធ្លីចំនួន ៣ករណី

– វិស័យអភិវឌ្ឍន៍ជនបទ ១ករណី។

 

ជាលទ្ធផល ក្រុមការងារបានឆ្លើយបំភ្លឺនូវសំណួរ និងសំណូមពរ ចំនួន ០៤ករណី ដោះស្រាយសំណូមពរបានចំនួន ១ករណី និងបន្តដោះស្រាយចំនួន ៣ករណី។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ